(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រកាសស្វាគមន៍ ចំពោះអ្នករាយការណ៍ពិសេសថ្មី របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលជំនួសតំណែង លោកស្រី រ៉ូណា ស្មីត។ ជាមួយនឹងការប្រកាសស្វាគមន៍នេះ មន្រ្តីជាន់ខ្ពស់កម្ពុជា រំពឹងថា អ្នករាយការណ៍ពិសេសថ្មី នឹងស្រាវជ្រាវ ក៏ដូចជាវាយតម្លៃស្ថានភាពសិទ្ធិមនុស្សកម្ពុជា ប្រកបដោយវិជ្ជាជីវៈ។
ការប្រកាសស្វាគមន៍អមជាមួយនឹងការព្រមានទុកមុន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើង លោកសាស្រ្តាចារ្យ Vitit Muntarbhorn ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទី៧ បន្ទាប់ពីលោកស្រី Rhona Smith កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានបង្ហាញការស្វាគមន៍ ចំពោះអ្នករាយការណ៍ពិសេសថ្មីនេះ។ លោកថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ដោយរំពឹងទុកបីចំណុចពីអ្នករាយការណ៍ពិសេសថ្មីនេះ ក្នុងកិច្ចសហការលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា ដូចជា៖
១៖ អាចធ្វើកិច្ចសហការបានប្រកបដោយភាពស្មោះត្រង់ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា រួមមាន រដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៉ីវីល ព្រមទាំងក្រុមដែលមាននិន្នាការប្រឆាំងផងដែរ។
២៖ ធ្វើការសិក្សា ស្រាវជ្រាវ វិភាគ វាយតម្លៃ ធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្រកបដោយវិជ្ជាជីវៈ ក្នុងនាមជាអ្នកស្រាវជ្រាវ និងជំនាញការឯករាជ្យ ជាជាងជាអ្នកនយោបាយ និងត្រូវផ្អែកទៅលើទិដ្ឋភាពបច្ចេកទេសនៃសិទ្ធិ ស្ថានភាពជាក់ស្តែង និងបរិបទរបស់កម្ពុជាផងដែរ ជាជាងផ្អែកលើរបៀបវារៈនិងនិន្នាការនយោបាយផ្ទាល់ខ្លួន។
៣៖ អនុវត្តបានត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួន ដែលតម្រូវដោយអណត្តិនៃអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់នូវគោលការណ៍និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស អព្យាក្រឹត្យភាពផ្នែកនយោបាយ ការគោរពគ្នាទៅវិញទៅមក ការគោរពនូវអធិបតេយ្យភាពរបស់រដ្ឋ និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ។
លោក Vitit Muntarbhorn ជាជនជាតិថៃ ដែលជាអ្នកជំនាញ និងសាស្រ្តាចារ្យផ្នែកច្បាប់ នៅសាកលវិទ្យាល័យជូឡាឡុងកន នាទីក្រុងបាងកក។ លោកត្រូវបានជ្រើសតាំងជា អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៦៕