(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ Fresh News ថា រហូតមកដល់ ម៉ោង ៨៖៣នាទីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ បុរសបើកបររថយន្តដឹកកម្មករ បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈកម្មករជាច្រើននាក់ ដែលរងរបួស ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យឯកជន។

លោកស្នងការមិនទាន់អាចបញ្ជាក់ពីចំនួនកម្មករ ដែលជួបគ្រោះថ្នាក់នៅឡើយទេ ហើយក៏មិនទាន់ដឹងថា ពួកគេធ្វើការនៅរោងចក្រ ណា ហើយស្នាក់នៅតំបន់ណាដែរ។ តែលោកស្នងការបានបញ្ជាក់ថា រថយន្តដឹកកម្មករមានទិសដៅចូលទៅក្រុងព្រះសីហនុ។

លោកស្នងការ ក៏បានបញ្ជាក់ផងដែរថា កម្លាំងនគរបាលខេត្តព្រះសីហនុ ជាច្រើននាក់បានចុះទៅអន្តរាគមន៍នៅកន្លែង និងជួយបញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់៕