(ភ្នំពេញ)៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញផ្សាយនូវកាលប្បវត្តិ ដែលបរិយាយលំអិតអំពីព្រឹត្តិការណ៍សំខាន់ៗមួយចំនួនចំពោះការវិវឌ្ឍ នៃចលនាសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងប្រទេសកម្ពុជា និងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតយន្តការការពារផ្នែកច្បាប់ដល់អ្នកស្រឡាញ់ភេទដូចគ្នាជាបញ្ហាអាទិភាព។ ការចេញផ្សាយរបស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងនៅក្នុងឱកាស នៃទិវាគ្មានការរើសអើង។

នៅក្នុងសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ចុះថ្ងៃទី០១ ខែមីនា បានបង្ហាញឲ្យឃើញថា រដ្ឋាភិបាល និងអង្គការស្គមស៊ីវិល បានធ្វើដំណើរួមគ្នាប្រកបដោយភាពវិជ្ជមាន នៅរយៈពេលប៉ុន្មនាខែចុងក្រោយនេះ ក្នុងងផ្នែកសិទ្ធរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោកផៃ ស៊ីផាន បានសម្តែងឡើងជាសាធារណៈនូវការគោរពរបស់រដ្ឋាភិបាល ចំពោះអ្នកស្រឡាញ់ភេទដូគ្នា ដោយលោកបានថ្លែងថា សង្គមកម្ពុជា មិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានោះទេ គ្មានច្បាប់រើសអើងប្រឆាំងពួកគេទេ។

នៅក្នុងឱកាស នៃទិវាគ្មានការរើសអើងនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់ប្រឆាំងនឹងការរើសអើងឲ្យបានឆាប់តាមដែលអាចធ្វើបាន។ ច្បាប់នេះ ត្រូវការពារក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ពីការរើសអើងគ្រប់បែបយ៉ាង ក្នុងឆាកជីវិតរបស់ពួកគេ។

បទប្បញត្តិគួរតែបញ្ចូលការគោរពឲ្យបានស្មើភាពគ្នា ចំពោះសិស្ស និស្សិត និងនិយោជិត ដែលជាអ្នកស្រឡាញ់ភេទដូចគ្នា នៅគ្រប់កំរិតនៃគ្រឹះស្ថានអប់រំ ព្រមតាំងគោរពឲ្យបានភាពស្មើភាពគ្នាចំពោះអ្នកស្រឡាញ់ភេទដូចគ្នា នៅកន្លែងការងារ និងនៅក្នុងដំណើរការជ្រើសបុគ្គលិក ព្រមទាំងក្នុងការផ្តល់សេវាកម្មថែទាំសុខភាព។ លើសពីនេះទៅទៀត ត្រូវចែងយ៉ាងច្បាស់ចំពោះជនណាដែលបានបំពានលើច្បាប់។

យោងតាមបាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ៦៣ភាគរយ នៃអ្នកឆ្លើយសំណួរបានទទួលរងការការសម្លុតនៅសាលារៀនដោយសារតែពួកគេ ស្រឡាញ់ភេទដូចគ្នា។ ម្នាក់ក្នុងចំនោម ១០នាក់នៃអ្នកស្រឡាញ់ភេទដូចគ្នា មិនបានបញ្ចប់ការសិក្សាសោយសារតែផ្នត់គំនិតរើសអើង ដែលអំពើនេះ បន្តកើតមានពេញមួយជីវិតរបស់ពួកគេ៕

[Forwarded from FN Sopheak]