(ព្រះសីហនុ)៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៤ នៅយប់ថ្ងៃទី១ ខែមីនានេះ ត្រង់ចំណុចអូរត្រាវ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ដោយរថយន្ត៦គ្រឿងបុកបន្តគ្នា ក្នុងនោះមានរថយន្តកុងតឺន័រចំនួន២គ្រឿង រថយន្ដដឹកកម្មករ១គ្រឿង រថយន្តដឹកទំនិញ១គ្រឿង និងរថយន្តធុនតូច២គ្រឿង បណ្តាលឲ្យស្លាប់អ្នកបើកបរម្នាក់ រងរបួសធ្ងន់ ៧នាក់ និងរបួសស្រាល២១នាក់។

ដោយឡែកអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (បសស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់អង្គភាព Fresh News យប់នៅថ្ងៃទី១ ខែមីនានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ បុកបន្តគ្នានៅខេត្តព្រះសីហនុ បានបណ្តាលឲ្យកម្មករចំនួន២៣នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះ២នាក់របួសធ្ងន់ធ្ងរ ត្រូវដឹកបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសង្គ្រោះបន្ទាន់ ខណៈ២១នាក់ផ្សេងទៀត បានរួចផុតពីសេចក្តីស្លាប់ ហើយកំពុងដេកសម្រាកព្យាបាល នៅមន្ទីរពេទ្យនានាក្នុងខេត្តព្រះសីហនុ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះដែរ បានធ្វើឲ្យអ្នកបើកបររថយន្តដឹកកម្មករ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំពោះការចំណាយលើថ្លៃដឹកជញ្ជូន និងព្យាបាលលើកម្មករទាំង២៣នាក់នោះ បសស ជាអ្នកទទួលត្រូវទាំងស្រុង៕