(កណ្តាល)៖ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបញ្ជាទៅមន្រ្តីជំនាញរបស់ខ្លួន បន្តចុះស៊ើបអង្កេត និងស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ ដែលនៅសេសសល់ ពោលមិនត្រូវឲ្យជនល្មើសទាំងនោះ បន្តមានសេរីភាពនោះឡើយ។

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញចូលរួមបើកវគ្គហ្វឺកហ្វឺនបំប៉ន ជំនាញអាវុធហត្តប្រចាំឆមាសទី១ ឆ្នាំ២០១៦ ដោយមានការចូលរួមពី មេបញ្ជាការរង
នាយសេនាធិការង ប្រធានអនុមន្ទី នាយការិយាល័យ និងមេបញ្ជាការក្រុងស្រុកទាំង១១ ព្រមទាំងសិក្ខាកាមរៀនសូត្រចំនួន៧៥នាក់ផងដែរ។

នៅចំពោះកងកម្លាំងរបស់ខ្លួន លោកឧត្តមសេនីយ៍ សំ តុលា បានបន្តដាក់ផែនការ ដល់កងកម្លាំងរបស់ខ្លួន ត្រូវបង្កើនកិច្ចការពារសន្តិសុខ និងទប់ស្កាត់បទល្មើសជូនប្រជាពលរដ្ឋ កាន់តែខ្លាំងឡើងតាមរយ:ការចុះយាមល្បាត តាមមូលដ្ឋាន ទាំងយប់ទាំងថ្ងៃ។

លោកឧត្តមសេនីយ៍ មេបញ្ជាការបានបញ្ជាក់ថា «យើងត្រូវគោរពតាមបទបញ្ជា និងអនុសាសន៍របស់ នាយឧត្តមសេនីយ៍ សៅ សុខា លើការបំប៉នជំនាញកងរាជអាវុធហត្ថ ដល់កងកម្លាំងសំខាន់ណាស់ ដើម្បីពង្រឹងគុណភាព និងសមត្ថភាព ចំណេះដឹងដល់កងកម្លាំង ឲ្យចុះបំពេញការងារទទួលបាន ភាពជោគជ័យមួយកំរិតទៀត...»

ក្រៅពីការងារពង្រឹងបញ្ហាសន្តិសុខខាងលើនេះ លោកមេបញ្ជាការ បានលើកឡើង ពីការផ្សព្វផ្សាយអនុក្រិត្រ ស្តីអំពីសុវត្តភាពចរាចរណ៏ផ្លូវគោក បទវិន័យទូទៅ នៃកងយុទ្ធពលខេមរភូមិន្ទ
ការស៊ើបអង្កេត ស្រាវជ្រាវបទល្មើស ការអនុវត្តន៍ និតិវិធីច្បាប់ក្នុងការបំពេញភារកិច្ច ច្បាប់អាវុធជាតិផ្ទុះ និងមេរៀនជំនាញអាវុធហត្ថផ្សេងៗទៀត៕