(ភ្នំពេញ)៖ យុវជនម្នាក់ត្រូវបានក្រុមចោរ២នាក់ ដកកាំភ្លើងភ្ជង់យកម៉ូតូ Scoopy ស៊េរីឆ្នាំ២០០៤ មួយគ្រឿង ទៅបាត់នៅជិតវិទ្យាល័យឥន្ទ្រទេវី ស្ថិតក្នុង សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ។

យុវជនរងគ្រោះឈ្មោះ ស៊ន ពិសិដ្ឋ ស្នាក់នៅ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានប្រាប់ថា មុនកើតហេតុ ខ្លួនបានជិះម៉ូតូ ដែលជនល្មើសប្លន់ យកទៅបាត់ម៉ាក Scoopy ពណ៌ផ្កាឈូក ស្លាកលេខភ្នុំពេញ 1BZ- 5804 ចេញពីម្តុំ ផ្សារអូឫស្សី ក្នុងគោលបំណងនៅផ្ទះ ដោយជិះតែម្នាក់ឯង លុះជិះមកដល់ក្បែរ វិទ្យាល័យឥន្ទ្រទេវី ក៏មានជនល្មើស២នាក់ជិះម៉ូតូម៉ាក Scoopy មួយគ្រឿងដែរ។

ពេលនោះ ជនល្មើសម្នាក់បានលោតចុះពីលើម៉ូតូស្ទុះមកវាយ និងដកកាំភ្លើងខ្លី ពីចង្កេះភ្ជង់ប្លន់យកម៉ូតូរបស់ជនរងគ្រោះជិះទៅបាត់តែម្តង។

បន្ទាប់ពីជនល្មើស ប្លន់យកម៉ូតូ ទៅបាត់ជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងកក់២ ទាំងសោកស្តាយម៉ូតូជាពន់ពេក៕