(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានថ្លែងថា នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោកបានចុះទៅចាប់ខ្លួន ជនសង្ស័យម្នាក់ ក្រោយបង្កអំពើហិង្សាទៅលើអតីតយោធាពិការជើងឆ្វេងម្នាក់ នៅចំណុចភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់។

លោកស្នងការបានបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ រ៉េន ខេន អាយុ៦៥ឆ្នាំ ជាអតីតយោធាពិការជើងឆ្វេង ប៉ុន្តែឥឡូវត្រូវជនបង្ក បានវាយគាត់បណ្តាលឲ្យបាក់ជើងស្តាំថែមទៀត ដោយសារតែរឿងជម្លោះ។ ជនបង្កមានឈ្មោះ ប៊ុន ចន្នី អាយុ៣១ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបាននាំខ្លួន យកទៅសួរនាំដើម្បីចាត់ការបន្តទៀត ខណៈជនរងគ្រោះត្រូវបានយកទៅ ព្យាបាលនៅមន្ទីរពេទ្យ។

ដោយឡែក នៅរសៀលថ្ងៃនេះកម្លាំងនគរបាលស្រុកមេមត់ បានចាប់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន ស្ថិតនៅចំណុចភូមិ ឆ្លូង៣ ឃុំកំពាន់ ស្រុកមេមត់។ ជនសង្ស័យមានឈ្មោះ ហ៊ុន សារឿន អាយុ៦៤ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ រួមនិងវត្ថុតាងគ្រឿងញៀនមួយចំនួន។

ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបានយកទៅ សួរនាំនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរង់ចាំការចាត់ការបន្តទៀត៕