(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចបិទអាជីវកម្មគេហទំព័រចំនួន២ទៀត ដែលបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កចលាចលក្នុងសង្គម ក្នុងដំណាល់ការរាតត្បាតជំងឺកូវីដ-១៩។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោក ខៀវ កាញារីទ្ធ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមីនានេះ បានសម្រេចលុបអាជីវកម្មគេហទំព័រឈ្មោះ «ស្ទឹងច្រាលប៉ុស្តិ៍» និងគេហទំព័រ «យុវជនតេជោ» ការសម្រេចលុបចោលនេះ ក៏ដោយសារក្រសួងព័ត៌មានបានចាត់ទុកថា គេហទំព័រទាំង២នេះ បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ និងចលាចលនៅក្នុងសង្គម ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួណបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។
លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមីនានេះថា មូលហេតុដែលក្រសួងព័ត៌មាន សម្រេចលុបអាជីវកម្មគេហទំព័រ «ស្ទឹងច្រាលប៉ុស្តិ៍» និងគេហទំព័រ «យុវជនតេជោ» ដោយសារតែកន្លងមកនេះ គេហទំព័រទាំង២នេះ បានផ្សព្វផ្សាយព័ត៌មានថា៖ «ធនាគារលែងយកការប្រាក់ ឬមិនបាច់បង់ការប្រាក់ ៣ខែ ឬ៣» ខណៈរឿងនេះវាជារឿងមួយដែលញុះញង់ ក្នុងនោះមានច្រើនរួមទាំងលិខិតរបស់ថ្នាក់ដឹកនាំ ដែលមានសេចក្តីប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិនៃកម្ពុជា គឺគ្រាន់តែឱ្យសិក្សានោះទេ»។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានចាត់ទុកថា ការផ្សព្វផ្សាយមានរបស់គេហទំព័រទាំង២នេះ ជាព័ត៌មានរសើប ចំពោះការផ្សព្វផ្សាយព័ត៌មាននេះទៀតសោធ គឺបំពានដល់ក្រមសីលធម៌ ដូច្នេះ ការផ្សព្វផ្សាយបំពានក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន គឺមិនអាចធ្វើជាអ្នកសារព័ត៌មាននោះទេ៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់លោក ខៀវ កាញារីទ្ធ៖