(ភ្នំពេញ)៖ នៅរាត្រីចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ម្ចាស់ Account Facebook ឈ្មោះ «រឿងពិត CNRP» បានបន្តចែកចាយ ទម្លាយឯកសារថ្លែងសាសងឆ្លងឆ្លើយគ្នា រវាងលោក កឹម សុខា ជាមួយស្រីស្នេហ៍​ នៅក្នុងឆ្នាំ២០១៦នេះ។

Account Facebook នោះបានទម្លាយឯកសារចំនួន៤ទំព័រ ពាក់ព័ន្ធនឹងការថ្លែងសាសងស្នេហាតាមទូរស័ព្ទ ជាមួយស្រីស្នេហ៍ ពីសំណាក់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅចន្លោះខែមករា និងខែកុម្ភៈ ឆ្នាំ២០១៦។ (មានលិខិតចំនួន៤ទំព័រ នៅខាងក្រោម)

ខាងក្រោមនេះជាខ្លឹមសារ និងលិខិត ដែលម្ចាស់ Facebook សរសេរបង្ហាញយ៉ាងដូច្នេះ៖

ខ្ញុំសូមទម្លាយរឿងរ៉ាវស្នេហារបស់លោក កឹម សុខា គិតត្រឹមឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស អាន និងពិចារណា អំពីការទាក់ទងស្នេហាជាមួយស្រីៗជាច្រើននាក់នៅក្នុងជីវិតនយោបាយរបស់គាត់ ដែលប្រឡូកប្រឡាក់ទៅដោយរឿងស្មោគគ្រោក និងអសីលធម៌។

តាមរយៈទំនាក់ទំនងស្នេហារបស់លោក កឹម សុខា នេះដែរ ខ្ញុំក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ឲ្យកាន់តែច្បាស់អំពីពុតត្បុត និងអំពើបោកប្រាស់ របស់លោក កឹម សុខា ដែលធ្វើនយោបាយប្រឆាំងនឹងយួន ប៉ុន្តែខ្លួនគាត់បែរជាយកប្រពន្ធចុងជាយួន ហើយថែមទាំងមានកូនទៀតផង។

ដោយសារសំណុំរឿងរបស់លោក កឹម សុខា មានចំនួន៨៦ទំព័រ ខ្ញុំសូមធ្វើការបង្ហោះតាមឆ្នាំនីមួយៗ ដោយផ្តើមចេញពីឆ្នាំ២០១៦មុន។
ខ្ញុំនឹងបង្ហោះជាអាល់ប៊ុម នៃឯកសារទាំង៨៦ទំព័រនេះ ដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការរក្សាទុក និងស្រាវជ្រាវ។ ខ្ញុំក៏នឹងបង្ហោះជាសំឡេងសន្ទនាគ្នា របស់លោក កឹម សុខា តាមឆ្នាំនីមួយៗ ដោយផ្តើមចេញពីឆ្នាំ២០១៦ដូចគ្នាដែរ៕