(ភ្នំពេញ)៖ លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស​ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ បាននិងកំពុងដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ប្រភេទ LED តាមផ្លូវហាណូយចាប់ពីផ្លូវ១៩៨៦ ដល់ផ្លូវកប់ស្រូវ ហើយនៅសួចច្បារមុខសណ្ឋាគារសាន់វេ ក៏សាលារាជធានីភ្នំពេញ បាន និងកំពុងដំឡើងបង្គោលភ្លើងបំភ្លឺសួនច្បារផងដែរ។

លោក ប៉ា សុជាតិវង្ស បានសរសេរនៅ Facebook ផ្លូវការរបស់លោកថា «នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ការដ្ឋានស្ថាបនាពង្រីកផ្លូវណាណូយ បាននិងកំពុងដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២ ប្រភេទ LED គម្លាតពីបង្គោល១ ទៅបង្គោល១ចម្ងាយ ៣០ម៉ែត្រ ចាប់ពីផ្លូវលេខ១៩៨៦ ដល់ផ្លូវកប់ស្រូវ។ ដោយឡែក នៅការដ្ឋានកែលំអ សួនច្បារមុខសណ្ឋាគារសាន់វេ ក៏បាននិងកំពុងដំឡើងបង្គោលភ្លើងបំភ្លឺសួនច្បារជា២ជួរ សរុបចំនួន ៣២បង្គោលផងដែរ»។

ការដំឡើងបង្គោលតាមដងផ្លូវសាធារណៈ និងតាមសួនច្បារនានា​​​ នៅរាជធានីភ្នំពេញ នេះត្រូវបានគេដឹងថា ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីលម្អសោភណ្ឌភាព របស់រាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា ឲ្យមានសម្រស់កាន់តែទាក់ទាញ់ ជាមួយនឹងការអភិវឌ្ឍន៍ឥតឈប់ឈរផងដែរ៕