(ភ្នំពេញ)៖ ស្របពេលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមមួយចំនួន បានបង្ហោះរឿងអាស្រូវផ្លូវភេទ របស់មេដឹកនាំគណបក្ស សង្គ្រោះជាតិរយៈពេលមួយថ្ងៃពីរមកនេះ ដោយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា បានចេញសេចក្តីអំពាវនាវមួយឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ បញ្ឈប់ការគាំទ្របក្សណាដែលមាន មេដឹកនាំល្មោភកាម និងល្មោភល្បែង។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា៖ ក្នុងនាមជាមេដឹនាំគណបក្សនយោបាយទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ សច្ចៈធម៌ មនុស្សធម៌ មេត្តាធម៌ អោយបានជាដាច់ខាត ដើម្បីការអភិវឌ្ឍន៍ជាតិឲ្យមានការរីកចំរើន និងប្រកបដោយស្ថេរភាព ព្រមទាំងសន្តិភាពជានិរន្ត។

ប្រធានគណបក្សរូបនោះបានថ្លែងអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាបញ្ឈប់ការគាំទ្រ គណបក្សណាមួយដែលមាន មេដឹកនាំល្មោភកាម ញៀនល្បែង និងគ្មានសីលធម៌ ជាដើម ដោយហេតុថា មេដឹកនាំនយោបាយជាគំរូរបស់ កូនចៅជំនាន់ក្រោយ នឹងជាអត្តសញាណនៃជាតិយើងផងដែរ ក្នុងន័យនេះ ខ្ញុំសូមជម្រាបថា មេដឹនាំគណបក្សនយោបាយទាំងអស់ ត្រូវប្រកាន់ ខ្ជាប់នូវគុណធម៌ សីលធម៌ សច្ចៈធម៌ មនុស្សធម៌ មេត្តាធម៌ អោយបានជាដាច់ខាត ដើម្បីការអភិវឌ្ឍន៍ជាតិអោយមានការរីកចំរើន និងប្រកប ដោយស្ថេរភាព ព្រមទាំងសន្តិភាពជានិរន្ត»