(ភ្នំពេញ)៖​ យុវជន២នាក់ ដែលបានធ្វើសកម្មភាព កាប់ប្រហារទៅលើយុវជនមួយក្រុម បណ្តាលឲ្យរងរបួសជាទម្ងន់ កាលពីថ្ងៃទី២៩ ​ខែកុម្ភៈ នៅមុខផ្ទះលេខ១១B សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ត្រូវបានឃាត់ខ្លួនហើយ។ នេះបើយោងតាមមន្រ្តីនគរបាល ខណ្ឌ៧មករា បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦​ នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា គឺមានក្មេងស្ទាវ ដែលជាសិស្សសាលា យុគន្ធរ​ ពីរក្រុមបានធ្វើការកាប់ប្រហារគ្នា បណ្តាលឲ្យខាងសិស្សសាលាម្នាក់ ដែលជាក្រុមម្ខាងទៀត​ រងរបួសជាទម្ងន់ត្រូវបានដឹកយក ទៅសង្គ្រោះភ្លាមៗ។ ​

រហូតមកដល់ថ្ងៃទី១ ខែមីនា កម្លាំងរបស់ខណ្ឌ៧មករា បានសហការជាមួយការរិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលក្រុងភ្នំពេញ ធ្វើការស្រាវជ្រាវនិងឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យបាន២នាក់​ ។

ជនសង្ស័យ ទី១ឈ្មោះ​ ប្រាក់​ ចានសំណាង​ អាយុ១៩ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅផ្ទះលេខ៥E២ ផ្លូវង្កាត់វាលវង់ ខណ្ឌ៧មករា​ ទី២ឈ្មោះ​ សុធា​ វ៉ាឃឹម​ អាយុ១៦ឆ្នាំ​ ស្នាក់នៅ​ជិតជនបង្កទី១ដែរ​ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរ កំពុងតែឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរៀបចំសំណុំរឿងកាត់ទោស ទៅតាមផ្លូវច្បាប់​ ៕