(ភ្នំពេញ)៖ លោក មាស រិទ្ធី អគ្គនាយករង និងជាអ្នកគ្រប់ព័ត៌មាននៅស្ថានីយទូរទស្សន៍ហង្សមាស បានប្រាប់ Fresh News ថា លោក នឹងចូលទៅសាលាដំបូងខេត្តតាកែវ នាម៉ោង២ រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ ដើម្បីបំភ្លឺទៅនឹងបណ្តឹងរបស់ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គរបុរី លោក សុខ ឡេះ ដែលបានចោទស្ថានីយទូរទស្សន៍ហង្សមាសថា ផ្សាយព័ត៌មានមិនពិត។

លោក មាស រិទ្ធី បានឲ្យដឹងទៀតថា ការចូលខ្លួនរបស់លោកទៅកាន់សាលាដំបូងខេត្តតាកែវ ធ្វើឡើងតាមការកោះហៅ របស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ។

លោក សុខ ឡេះ បានប្តឹងអ្នកព័ត៌មានទូរទស្សន៍ហង្សមាស រួមនិងអ្នកព័ត៌មាននៅតាមស្ថាប័នជាច្រើននាក់ផ្សេងទៀត ពីបទផ្សព្វ ផ្សាយព័ត៌មានមិនពិត បន្ទាប់ពីអ្នកព័ត៌មានទាំងនេះ បានផ្សាយថា លោក សុខ ឡេះ បានកាងជនជាតិវៀតណាម ឲ្យចូលធ្វើ នេសាទខុសច្បាប់នៅលើផ្ទៃទឹកតាមបណ្ដោយព្រំដែនទឹកខេត្តតាកែវ និងខេត្តអាងយ៉ាងប្រទេសវៀតណាម ជាថ្នូរនិងប្រាក់ មួយចំនួនធំ។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ អ្នកព័ត៌មានរបស់ទូរទស្សន៍ហង្សមាសពីរនាក់ហើយ គឺលោក ទិត្យ ប៊ុនហេង ប្រធានគ្រប់គ្រងព័ត៌មានរាជធានី-ខេត្ត របស់ទូរទស្សន៍ហង្សមាស និងលោក ឈឿន បុត្រា អ្នកអត្ថាធិប្បាយព័ត៌មានពេលព្រឹក បានចូលទៅបំភ្លឺតាមការកោះហៅ របស់លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។

អ្នកកាសែតរស្មីកម្ពុជា និង ទូរទស្សន៍អប្សរា ក៏ធ្លាប់ត្រូវបានព្រះរាជអាជ្ញា ច្រឹង ខ្មៅ កោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺពាក់ព័ន្ធបណ្ដឹងបរិ ហារកេរ្តិ៍លោក សុខ ឡេះ ពាក់ព័ន្ធសំណុំរឿងខាងលើនេះផងដែរ៕