(​អឺរ៉ុប​)៖ នៅ​ថ្ងៃ​ពុធ ទី​០២ ខែ​មីនា ឆ្នាំ​២០១៦​នេះ សហភាព​អឺរ៉ុប បានចាប់ផ្តើម​ចំណាយ​ថវិកា​រាប់​រយ​លាន​អឺរ៉ូ បន្ថែមទៀត នៅក្នុង​តំបន់​ទាំងមូល​ដើម្បី​ដោះស្រាយ​ជាបន្ទាន់ ចំពោះ​វិបត្តិ​ជនភៀសខ្លួន ដែល​កាន់តែ​អាក្រក់​ខ្លាំង​ឡើង ចាប់តាំងពី​ពេល​ឈាន​ចូល​ដើមឆ្នាំ ២០១៦​។ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស BBC ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​០២ ខែ​មីនា​។​

​បើ​តាម​ការអះអាង​ពី​គណកម្មការ ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​របស់​សហ​ភាព​អឺរ៉ុប នៅ​ថ្ងៃ​ដដែល​នេះ ជំនួយ​របស់ ខ្លួន​ទាំងអស់​នឹង​ត្រូវ ផ្តល់​ទៅ​កាន់​បណ្តា​ប្រទេស​ដែល​ទទួល​ជនភៀសខ្លួន​នានា​នៅក្នុង​តំបន់ ហើយ​របៀប​នៃ​ការ បែងចែក​នឹង​ប្រើប្រាស់​ប្រាក់​ជំនួយ​គឺ​ដូច​ទៅ​នឹង​វិធី​ដែល​សហគមន៍​នេះ ផ្តល់​ទៅ​កាន់​តំបន់​ផ្សេងៗ លើ​សកលលោក​ដែរ​។​

​កាលពី​ពេល​ថ្មីៗ​នេះ អង្គការសហប្រជាជាតិ​បាន​ចេញ​សេចក្តី​ព្រមាន​មួយ ចំពោះ​គ្រោះមហន្តរាយ​នៃ​មនុស្សជាតិ ដែល​អាច​កើនឡើង ចំពោះ​ជនភៀសខ្លួន​ដែល​កំពុង​កើនឡើង​ឥត​ឈប់​ឈរ​នៅ​តាម​ព្រំដែន​ប្រទេសក្រិក ដែលជា ច្រកចូល​សំខាន់​បំផុត​មក​កាន់​អឺរ៉ុប ទាំងមូល​។​

​គួរបញ្ជាក់ តាម​មន្ត្រី​អឺរ៉ុប​ឲ្យដឹងថា នៅក្នុង​ឆ្នាំនេះ ទឹកប្រាក់​យ៉ាងហោចណាស់​ក៏ ៣០០​លាន​អឺរ៉ូ (៣២៥ លាន​ដុល្លារ​អាមេរិក​) ដែរ ដែល​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន ស្របពេល​ដែល​ថវិកា​តែ ៧០០ លាន​អឺរ៉ុប​ប៉ុណ្ណោះ ដែល​បាន​ត្រៀម​ទុក​សម្រាប់​រយៈពេល ៣​ឆ្នាំ​ទៅ​មុខ​៕​