(ភ្នំពេញ)៖ ក្រុមការងារប្រយុទ្ធ និងបង្ការជំងឺ Covid-19 មន្ទីរពេទ្យកាល់ម៉ែត សូមច្រានចោលនូវព័ត៌មានជាសារសំលេង ផ្សព្វផ្សាយតាមប្រព័ន្ធនានាមួយចំនួន ដែលផ្សាយលើសពីការពិត ដោយលើកឡើងថាមានការផ្ទុះជំងឺ Covid-19 នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រុមការងារសូមបញ្ជាក់ថា «មិនមានការផ្ទុះជំងឺ Covid-19 ក្នុងមន្ទីរពេទ្យកាល់ម៉ែត ដូចការលើកឡើងនោះទេ។ ការដែលរកឃើញគិលានុបដ្ឋាកម្នាក់មានវិជ្ជមាន Covid-19 ក្នុងពេលបំពេញភារកិច្ចជួយសង្រ្គោះស្រ្តីម្នាក់ដែលក្រោយមកមានលទ្ធផលវិជ្ជមាន បញ្ជូនទៅមន្ទ្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតនោះ គឺស្ថិតក្រោមការគ្រប់គ្រង ស្ថានភាពទាន់ពេលវេលា តាមវិធានសុវត្ថិភាពភាពរបស់ក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់បំផុត ក្នុងគោលដៅកាត់ផ្តាច់មិនឲ្យមានការឆ្លងបន្តដល់អ្នកដទៃឡើយ ។ ជាការងារដែលអ្នកជំនាញមន្ទីរពេទ្យ គ្រប់គ្រងបានតាមក្បួនខ្នាតដោយច្បាស់លាស់»

នេះសឲ្យឃើញអំពីការលះបង់ប្រកបដោយសុច្ឆន្ទៈ និងមនសិកាវិជ្ជាជីវៈខ្ពស់របស់បុគ្គលិកសុខាភិបាលខាងលើ ដែលទោះក្នុងស្ថានភាពមានហានិភ័យខ្ពស់ ចំពោះមុខយ៉ាងណា ក៏ប្តូរផ្តាច់សង្គ្រោះជីវិតអ្នកជំងឺអោយអស់លទ្ធភាព ដែលពិតជាគួរអោយកោតសរសើរ និងគោរពចំពោះវីរភាពកងទ័ពអាវសរបស់យើង៕