(ភ្នំពេញ)៖ យុវជនម្នាក់ដែលបានកាត់តសំឡេងប្រឌិតព័ត៌មាន រឿងបិទរាជធានីភ្នំពេញ ហើយបង្ហោះនៅលើបណ្ដាញសង្គម TikTok ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនយកទៅធ្វើកិច្ចសន្យាអប់រំ និងសុំទោសជាសាធារណៈ ចំពោះការប្រឌិតព័ត៌មានរបស់ខ្លួន នាពេលកន្លងមក។

ការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ដោយកម្លាំងសមត្ថកិច្ចផែនសន្តិសុខ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា។ បុគ្គលដែលសមត្ថកិច្ចចាប់ខ្លួននេះ ឈ្មោះ វ៉ាន់ រចនា អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៩ ផ្លូវ២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់គណនី Tiktok ដែលមានឈ្មោះ Rachana BK។

កន្លងទៅយុវជននេះ បានបង្ហោះវីដេអូកាត់តសំឡេងរបស់ជអនាមិក ថា «ភ្នំពេញគេអាចបិទច្រកយប់ហ្នឹង គេប្រកាសអាសន្នបិទច្រក លែងឲ្យចូលភ្នំពេញ» ហើយបានភ្ជាប់ជាមួយនឹងសកម្មភាពវីដេអូ នៃការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ តាមពិតជាក់ស្តែងរហូតមកដល់ពេលនេះ មិនមានគោលការណ៍ណាមួយ ឲ្យមានការបិទច្រកចេញ ចូលរាជធានីភ្នំពេញនោះទេ ។

ក្រោយពីទទួលកំហុសជាសាធារណៈ ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា រួចមកសមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ៕