(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានប្រកាសទុកពេលមួយសប្ដាហ៍ជូនម្ចាស់គណនី Facebook ឈ្មោះ «Pen Kakada» ដែលបាន Live វីដេអូជេរប្រមាថមកលើអាជ្ញាធរខណ្ឌ ពេលចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន គ្រាដែលខ្លួនមិនព្រមសហការជាមួយអាជ្ញាធរ ចេញមកសុំទោសជាសាធារណៈចំពោះកំហុសរបស់ខ្លួនលិខិតរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល១សប្ដាហ៍ប្រសិនបើម្ចាស់គណនី Facebook ខាងលើ មិនព្រមធ្វើការសុំទោសជាសាធារណៈនោះទេ រដ្ឋបាលខណ្ឌ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
គួរជម្រាបថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំអ្នកលក់ដូរឲ្យ ធ្វើការរុះរើរោង ដែលសាងសង់នៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ធ្វើឲ្យប៉ះពាល់ដល់អ្នកដើរថ្មើរជើង និងថ្ងៃក្រោយនឹងមានការឈប់សំចតលើទ្រូងផ្លូវ ដើម្បីទិញឥវ៉ាន់ ដែលការឈប់ចតលើទ្រូងផ្លូវនេះធ្វើឲ្យមានការកកស្ទះ និងបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ដែលរដ្ឋបាលខណ្ឌទាមទារចាំបាច់ត្រូវឲ្យគាត់រុះរើ ដើម្បីថែរក្សាស្ថានភាពដើម។
ក្នុងពេលចុះអនុវត្ត ម្ចាស់ផ្ទះ និងជាម្ចាស់គណនី Facebook ខាងលើ មិនបានចូលរួមសហការ និងបានអនុញ្ញាតឲ្យគេសង់រោងនៅលើចំណីផ្លូវសាធារណៈ ហើយថែមទាំងធ្វើការផ្សាយផ្ទាល់ (Video Live) ផ្សាយព័ត៌មានមិនពិត និងធ្វើការបរិហារកេរ្តិ៍មកលើរដ្ឋបាលខណ្ឌជ្រោយចង្វារ ដូចជា៖ ការប្រើពាក្យ ជេរប្រមាថកាតទាន ចោទអ្នករាជការសាធារណៈអំពីអំពើពុករលួយ ការសូកលុយ និងសម្លាប់អ្នកក្រ...ជាដើម។
រដ្ឋបាលខណ្ឌ សូមគូសបញ្ជាក់ថា ការចុះទៅនេះគឺជាការរៀបចំសណ្តាប់ធ្នាប់ ដើម្បីធានារក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសោភ័ណភាពនៅតាមដងផ្លូវ ហើយមិនបានធ្វើបាបអ្នកណានោះទេ។ ក្រោយមក រដ្ឋបាលខណ្ឌ បានអនុញ្ញាតឲ្យចេញដីកាកោះហៅសាមីខ្លួនឲ្យមកបំភ្លឺជុំវិញករណីបរិហារកេរ្តិ៍ជាសាធារណៈ ប៉ុន្តែម្ចាស់ផ្ទះ និងជាម្ចាស់គណនីខាងលើ មិនព្រមទទួលយកលិខិតកោះហៅ ហើយថែមទាំងបានធ្វើការផ្សាយផ្ទាល់ (Video Live) ប្រើពាក្យមិនគួរគប្បីទៅលើមន្ត្រីនគរបាលជាតិ ដែលបានយកដីកាកោះទៅជូនគាត់ថែមទៀតផង៕