(ឧត្តរមានជ័យ)៖ អ្នកយកព័ត៌មានរបស់ Fresh News ប្រចាំខេត្តឧត្តរមានជ័យ បានរាយការណ៍ថា មន្រ្តីស៊ីម៉ាក់ ១នាក់ បានស្លាប់ និង ១៨នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល នាវេលាម៉ោង ២៖០២នាទីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ នៅលើផ្លូវ PR ១៧៤ ស្ថិតក្នុងភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

យោងតាមសេចក្តីរាយការណ៍ បានបន្ថែមថា ជនរងរបួសទាំង ១៨នាក់ ៩នាក់ របួសធ្ងន់ ៩នាក់របួសស្រាល​ ក្នុងនោះនារីម្នាក់ ដាច់ដៃត្រឹមស្មា។ អ្នករងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា មន្រ្តីស៊ីម៉ាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់រថយន្តនេះ គឺជាអ្នកធ្វើការងារដោះមីននៅ​ក្នុងស្រុកត្រពាំងប្រាសាទ។ ការក្រឡាប់រថយន្តនេះ មិនទាន់មានការបញ្ជាក់​ពីមូលហេតុនៅឡើយ​នោះទេ តែតាមការសន្និដ្ឋានជំហានដំបូង អាចបណ្តាលមកពីអ្នក​បើកបរងងុយដេក៕