(បន្ទាយមានជ័យ)៖ ក្រោយបញ្ចប់ប្រតិបត្តិការចុះត្រួតពិនិត្យនៅកាស៊ីណូ Golden របស់លោកឧកញ៉ា កុក អាន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិន៣៨នាក់ មានស្រី៣នាក់ ពាក់ព័ន្ធបទល្មើសចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ។

មន្រ្តីនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ Fresh News នៅយប់នេះថា ប្រតិបត្តិការខាងលើ បានធ្វើឡើងរវាងកិច្ចសហការរបស់កម្លាំងនគរបាលសន្តិសុខក្រសួងមហាផ្ទៃ នគរបាលខេត្ត និងនគរបាលក្រុង ក្រោមការដឹកនាំពីព្រះរាជអាជ្ញារង លោក សុខ កែវបណ្ឌិត ។

មន្រ្តីនគរបាលបានបញ្ជាក់ថា សម្រាប់ជនជាតិចិនទាំង៣៨នាក់ មានដីកាចាំខ្លួន​ ៣០នាក់ មានប៉ាស្ព័រ ២៤នាក់ និងអ្នកអត់ប៉ាស្ព័រ ១៤នាក់ ។

ជនង្ស័យទាំងនេះ និងវត្ថុតាងជាច្រើនត្រូវបានបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីបន្តការសួរនាំ និងចាត់ការតាមច្បាប់៕