(ព្រះសីហនុ)៖ ភ្លើងឆេះព្រៃ បានឆេះរាលដាលដល់ កសិដ្ឋានរោងចិញ្ចឹមមាន់​មួយកន្លែងបណ្តាល​ឲ្យឆេះខ្ទេចរាប​ដល់​ដី ងាប់មាន់អស់​ជាច្រើនក្បាល ដោយគិត​ជាទឹកប្រាក់ អស់ប្រមាណ​១ម៉ឺនដុល្លារ។

ហេតុការណ៍កើតមានគ្រោះ​អគ្គិភ័យនេះ បានកើតឡើង នៅម៉ោង​១​៧៖៣០នាទី ថ្ងៃទី២ មីនានេះ ស្ថិតនៅត្រង់ចំនុចគីឡូម៉ែត្រ​លេខ១១៥ និង១១៦ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ក្នុងហេតុការណ៍នេះសមត្ថកិច្ចរួមមានទាំងកម្លាំងនគរបាល និងអាវុធហត្ថ ចុះជួយអន្តរាគន៍ផងដែរ ប៉ុន្តែមិនអាចជួយសង្គ្រោះបានឡើយ។  

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមមាន់ចំនួន២ខ្នង ទី១-មានទំហំ ៨ម៉ែត្រ គុណ ២៨ម៉ែត្រ និងទី២-មានទំហំ ៨ម៉ែត្រ គុណ៤០ម៉ែត្រ ធ្វើអំពីឈើដំបូលប្រកស្បូវ និងសង្ក័សី។ ម្ចាស់​កសិដ្ឋាន ឈ្មោះ លាង សុងហ៊ួរ ភេទប្រុស អាយុ៥០ឆ្នាំ មានមុខរបរចិញ្ចឹមមាន់ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។ តាមការសន្ឋិដ្ឋានអគ្គិភ័យនេះ បានសម្លាប់មាន់ និងខូចខាតទ្រព្យ​សម្បត្តិអស់​ប្រមាណ​១ម៉ឺន​ដុល្លារ៕