(ស៊្លូវ៉ាគី)៖ ករណីដំបូងនៃអ្នកជំងឺម្នាក់ ផ្ទុកវីរ៉ុស Zika ត្រូវបានគេបញ្ជាក់ថា បានកើតឡើងនៅក្នុងប្រទេសស៊្លូវ៉ាគី នេះបើតាមសម្តីលោក Viliam Cislak រដ្ឋមន្ត្រីសុខាភិបាលស៊្លូវ៉ាគី ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦នេះ។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើង ដោយមន្ទីរពិសោធន៍វិសាណូសាស្ត្រមួយ នៅក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ អ្នកផ្ទុកវីរ៉ុសនេះគឺជាស្ត្រីម្នាក់ ដែលត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ នៅក្នុងទីក្រុង Presov ភាគខាងកើតប្រទេសស៊្លូវ៉ាគី កាលពីសប្តាហ៍មុន បន្ទាប់ពីត្រឡប់មកពីប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកជំងឺត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ នៅក្នុងស្ថានភាពល្អ កាលពីថ្ងៃសុក្រសប្តាហ៍មុន។
«នាងមិនត្រូវបានដាក់នៅដាច់ដោយឡែកពីគេនោះទេ» នេះបើតាមការបញ្ជាក់ពីលោក Cislak។ លោកបន្ថែមថា វាមិនមានការ គម្រាមកំហែង ចំពោះអ្នកដទៃនោះទេ ដោយវីរ៉ុស Zika ជាមិនមែនជាប្រភេទវីរ៉ុស ដែលអាចឆ្លងតាមរយៈ ខ្យល់អាកាសនោះទេ។ ​

Zika គឺជាវីរ៉ុសមួយប្រភេទ ដែលចម្លងដោយសត្វមូស ជាពិសេសសត្វមូសប្រភេទ Aedes។ វីរ៉ុសនេះ ជាទូទៅមិនត្រូវបាន គេរកឃើញ នៅក្នុងតំបន់អឺរ៉ុបនោះទេ ខណៈវាអាចចម្លងពីម្តាយទៅទារក តាមរយៈសុក៕