(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ជូនមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការ ក៏ដូចជាក្រសួងស្ថាប័នដទៃទៀត បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនមន្ត្រីរាជការកាលពីថ្ងៃទី០១ ខែមេសា កន្លងទៅនេះ។ តាមផែនការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវចាក់ជូនមន្ត្រីប្រមាណជា ១,៩៩៣នាក់។ រយៈពេល៣ថ្ងៃកន្លងទៅនេះ ក្រសួងចាក់បានប្រមាណ ១,២១៩នាក់ហើយ។

ក្នុងឱកាសនោះទាំងលោកទេសរដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ានី សុទ្ធតែបានគូសបញ្ជាក់ពីសារសំខាន់នៃវ៉ាក់សាំងកូវីដ១៩ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា ក៏ដូចជាពិភពលោក។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀតលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។

ដោយឡែកលោក ហ៊ុន ម៉ានី បានលើកឡើងថា វ៉ាក់សាំង គឺជាដំណោះស្រាយមួយដ៏ចាំបាច់សម្រាប់ការពារប្រជាជន និងសហគមន៍ទាំងមូលចៀសផុតពីការឆ្លងរាលដាលទ្រង់ទ្រាយធំណាមួួយ។

ទាំងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក ហ៊ុន ម៉ានី បានបង្ហាញពីការគិតគូរ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះការគ្រោងទុករបស់រាជរដ្ឋាភិបាល ត្រូវរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋឱ្យបានយ៉ាងតិច ១០លាននាក់។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ លោកបានគិតគូរខ្លាំងណាស់ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩ ហើយបានប្រឹងប្រែងក្នុងការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់យើង។ នេះគឺជាគំរូភាព គឺជាគុណតម្លៃដ៏ធំធេងរបស់មេដឹកនាំរបស់យើង»

ដោយឡែកលោក ហ៊ុន ម៉ានី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកិច្ចខិតខំប្រឹងប្រែងកៀរគរស្វែងរកវ៉ាក់សាំងពីគ្រប់ទិសទី តាមយន្តការនានាប្រកបដោយភាពបត់បែន ដើម្បីឱ្យប្រជាពលរដ្ឋទូទាំងប្រទេសទទួលបានវ៉ាក់សាំង។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក ហ៊ុន ម៉ានី បានអំពាវនាវដល់មន្ត្រីរាជការ ក៏ដូចជាជនដែលបានចុះឈ្មោះ ឬផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងនោះ រួសរាន់មកចាក់វ៉ាក់សាំងដើម្បីបានជញ្ជាំងការពារសុខភាពរបស់ខ្លួន និងទប់ស្កាត់ការរីករាលដាលជំងឺនៅក្នុងសហគមន៍។

លោក ស៊ុន ចាន់ថុល និងលោក ហ៊ុន ម៉ានី ក៏បានក្រើនរំលឹកដល់អ្នកចាក់វ៉ាក់សាំងដែរថា ទោះបីបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏មិនត្រូវភ្លេចខ្លួនអនុវត្តតាមវិធាននានាដែលណែនាំដោយក្រសួងសុខាភិបាលនោះឡើយ។ ជាពិសេសវិធាន «៣កុំ និងការពារ» ព្រោះថា ទោះបីចាក់វ៉ាក់សាំងហើយក៏ដោយ ក៏មេរោគនៅតែមានលទ្ធភាពឆ្លង។ គ្រាន់តែវាមិនបង្កទុក្ខទោសដល់សុខភាពខ្លាំង និងព្យាបាលឆាប់ជាជាងអ្នកមិនបានចាក់វ៉ាក់សាំង។

សូមបញ្ជាក់ថា ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងនៅក្រសួងសាធារណការ និងដឹកជញ្ជូននេះ លោក ស៊ុន ចាន់ថុល បានអញ្ជើញលោក ហ៊ុន ម៉ានី ពិនិត្យសមិទ្ធផលរបស់ក្រសួង កន្លែងផ្តល់សេវាសាធារណៈ និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផងដែរ៕