(​ប៉េកាំង​)៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ​ប្រទេស​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ចំនួន ៦​គ្រាប់ ដែល​ជា​ការផ្គើន​ទៅនឹង​ដំណោះស្រាយ របស់​អង្គការសហប្រជាជាតិ ដែល​គ្រោង​ចេញ​នៅ​ក្នុង​សប្តាហ៍​នេះ ជាហេតុ​នាំឲ្យ​សហគមន៍​អន្តរជាតិ ចេញមុខ​អំពាវនាវ​សាជាថ្មី ឲ្យ​រដ្ឋ​កុ​ម្មុយ​និស្ត​ព្យុង​យ៉ាង គោរព​កតព្វកិច្ច​របស់​ខ្លួន និង ចូល​តុ​ចរចា​ឡើងវិញ​។ នេះ​បើ​តាម​ការផ្សាយ​របស់​ស៊ិនហួ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែ​មីនា ឆ្នាំ​២០១៦​។​

​នៅក្នុង​កិច្ចប្រជុំ​ដើម្បី​អនុម័ត​លើ​ដំណោះស្រាយ ឆ្លើយតប​បញ្ហា​កូរ៉េខាងជើង អគ្គលេខាធិការ នៃ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន ស្វាគមន៍​ចំណោះ​ក្រុមប្រឹក្សាសន្តិសុខ ដែល​បាន​ចេញ ចំណាត់ការ​ក្តៅ​ក្នុង​ការទាញ​ប្រទេស កូរ៉េខាងជើង ឲ្យមក​គោរព​យ៉ាង​ពេញលេញ​ចំពោះ​តួនាទី​របស់​ខ្លួន នៅលើ​ឆាក​អន្តរជាតិ ជាពិសេស គឺ​បញ្ឈប់​ការ​ធ្វើ​តេស្ត​អាវុធ​ប្រល័យ​លោក​តទៅទៀត​។​

​លោក បាន គីមូន បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ទៀតថា «​ដំណោះស្រាយ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ​នេះ ពិតជា​មាន​ទិសដៅ​បញ្ចប់​ការ​បង្កហេតុ និង អាចឈាន​ទៅ​រក​ការរៀបចំ​ឡើងវិញ​នូវ កិច្ចសន្ទនា​ដែល​ជា​ទស្សន​រួម​របស់​សហគមន៍​អន្តរជាតិ​»។​

​គួរបញ្ជាក់​ថា សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ ដូចជា ចិន​, បារាំង​, អង់គ្លេស​, អាមេរិក​, នូវែ​លសេ​ឡង់ និង បណ្តា​ប្រទេស​មួយចំនួន​ទៀត បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ដំណោះស្រាយ​ថ្មី​នេះ ហើយ​ថា​វា​នឹង​ដាក់ សម្ពាធ កាន់តែ​ខ្លាំង​ឡើង ដើម្បីឲ្យ​កូរ៉េខាងជើង​លះបង់​ចោល​ទង្វើ​ទាំង​អស់ ដែល​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​៕