(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៧២នាក់ ក្នុងនោះមាន១ករណីមកពីក្រៅប្រទេស ខណៈអ្នកជំងឺចំនួន៤៧នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ថ្មីនេះ ឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន ៧១នាក់ និងម្នាក់ ជាករណីនាំចូល។

ក្រសួងបញ្ជាក់ថា ករណីនាំចូល ជាបុរសជនជាតិឥណ្ឌា អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ។ បុរសរូបនេះ ធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។

ដោយឡែកករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន ៧១នាក់ មាននៅភ្នំពេញ ៣៣នាក់, ព្រះសីហនុ ២២នាក់, កណ្តាល ៨នាក់, ស្វាយរៀង ៣នាក់, ពោធិ៍សាត់ ៣នាក់, ព្រៃវែង ១នាក់ និងកំពត ១នាក់។ ក្នុងនោះ មានជនជាតិចិន ៣នាក់ និងមីយ៉ាន់ម៉ា ១នាក់។

ក្រសួងបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុប ២,៨២៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ មានចំនួន ២,២៩៣នាក់។ អ្នកជាសះស្បើយចំនួន ១,៧៩៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ១,០០៣នាក់។ អ្នកស្លាប់ចំនួន ២២នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕