(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើប្រជាពលរដ្ឋ២នាក់ ដែលម្នាក់រស់នៅស្រុកស្វាយទាប និងម្នាក់ទៀត រស់នៅក្រុងបាវិត។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង២នាក់ដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩ នោះរួមមាន៖

*ទី១៖ ស្ដ្រីជនជាតិខ្មែរ ឈ្មោះ អន សុវណ្ណ អាយុ៧២ឆ្នាំ រស់នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត។ នៅអំឡុងខែមីនា ឆ្នាំ២០២១កន្លងមក ស្ដ្រីរូបនេះ គាត់ធ្លាប់បានប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ឈ្មោះ ហួត សុខា។

*ទី២៖ បុរសជនជាតិខ្មែរ ឈ្មោះ ព្រាប ផល្លី ជាសន្ដិសុខកាស៉ីណូបាវិត-ម៉ុកបាយ រស់នៅភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប។ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បុរសរូបនេះបានមកផ្ទះសម្រាក១ថ្ងៃ បន្ទាប់មកក៏បានត្រឡប់ទៅកាស៉ីណូវិញ ក្នុងគោលបំណងចូលធ្វើការ ប៉ុន្ដែនៅកន្លែងធ្វើការមិនអនុញ្ញាតឲ្យចូលធ្វើការទេ ដោយសារស្ថានភាពកន្លែងធ្វើការមានការរីករាលដាលនៃជំងឺកូវីដ១៩ គាត់ក៏បានត្រឡប់មកផ្ទះវិញ។ ដោយមានការសង្ស័យនៅថ្ងៃទី២៩ ខែមីនា គាត់បានស្ម័គ្រចិត្តទៅធ្វើតេស្ដរកជំងឺកូវីដ១៩ ហើយលទ្ធផលវិជ្ជមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង ក៏កំពុងស្រាវជ្រាវរកទីតាំង និងអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ទាំង២នាក់នេះផងដែរ៕