(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស បើកដំណើរការអាជីវកម្មឡើងវិញ បន្ទាប់ពីអ្នកពាក់ព័ន្ធមន្ដ្រីនគរបាលកើតជំងឺកូវីដ១៩ ដែលចូលទៅកាន់ទីនោះកន្លែងទៅកាលពីពេលកន្លងទៅ លទ្ធផលតេស្ដចំនួន២លើក បានបង្ហាញថា អវិជ្ជមានជំងឺកូវីដ១៩។

លិខិតរបស់រដ្ឋបាលខេត្ដក្រចេះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា លទ្ធផលពិនិត្យសំណាកលើកទី២ របស់បុគ្គលិកមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស បញ្ជាក់ដោយវិទ្យាស្ថានសុខភាពសាធារណៈ (NIPH) នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ គឺអវិជ្ជមានកូវីដ១៩ ទាំង១៥នាក់។

បើតាមរដ្ឋបាលខេត្ដក្រចេះ អ្នកទាំង១៥នាក់ ត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក ហើយមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស ដំណើរការសេវាពិនិត្យពិគ្រោះ និងព្យាបាលឡើងវិញ ចាប់ពីថ្ងៃទី០៦ ខែមេសានេះតទៅ និងត្រូវចូលរួមវិធានការបង្ការការចម្លងជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ រដ្ឋបាលខេត្ដក្រចេះ បានគូសបញ្ជាក់ថា ចំពោះអ្នកដែលចូលទៅមន្ទីរសម្រាកព្យាបាលមួយនេះ ចាប់ពីយប់ថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក និងបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

គួរជម្រាបថា មន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស ត្រូវបានអាជ្ញាធរសម្រេចបិទបណ្ដោះអាសន្ន កាលពីពេលកន្លងទៅ ហើយមនុស្សនៅទីនោះ គឺតម្រូវឲ្យយកសំណាក និងធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃ បន្ទាប់ពីមន្ដ្រីនគរបាលខេត្តត្បូងឃ្មុំម្នាក់ ឈ្មោះ វ៉ាន់ ណាក្រូ បានទៅសម្រាកព្យាបាល នៅទីនោះ ហើយក្រោយមករកឃើញថា កើតជំងឺកូវីដ១៩។

រហូតមកដល់ពេលនេះ មន្ដ្រីនគរបាលឈ្មោះ វ៉ាន់ ណាក្រូ ក៏បានជាសះស្បើយពីជំងឺកូវីដ១៩ និងបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅខេត្តកំពង់ចាម ប៉ុន្ដែត្រូវបន្ដធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃ នៅផ្ទះខ្លួនឯងបន្ដទៀត ទើបអាចចេញក្រៅបានដូចធម្មតាឡើងវិញ៕