(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានក្រើនរំលឹកចុងក្រោយដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជន ក្នុងការអនុវត្តវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ក្នុងលិខិតរបស់ក្រសួងសុខាភិបាល ដែលចេញដោយលោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា រយៈកាលកន្លងមក ក្រសួងសុខាភិបាលបានធ្វើសេចក្តីណែនាំរួចមកហើយ ស្ដីអំពីវិធានការក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស គឺហាមមិនអនុញ្ញាតឱ្យកន្លែងពិនិត្យព្យាបាលជំងឺឯកជន ធ្វើការពិនិត្យព្យាបាលអ្នកជំងឺ ដែលសង្ស័យថា ជាជំងឺកូវីដ-១៩ ជាដាច់ខាត។

ក្រសួងបន្តថា ដើម្បីទប់ស្កាត់កុំឱ្យមានការរាលដាលនៃជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំឭកជាចុងក្រោយ ចំពោះជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ចូលរួមសហការពង្រឹងបន្ថែមទៀត ក្នុងការអនុវត្តវិធានការក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ទៅក្នុងសហគមន៍ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ណែនាំ ដូចខាងក្រោមនេះ៖

១៖ មិនអនុញ្ញាតឱ្យធ្វើការពិនិត្យព្យាបាល អ្នកជំងឺសង្ស័យថា ជាជំងឺកូវីដ-១៩ និងធ្វើតេស្តរកមេរោគកូវីដ-១៩ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដាច់ខាត (លើកលែងតែមានការអនុញ្ញាត ពីក្រសួងសុខាភិបាល)។

២៖ ត្រូវរៀបចំដាក់តុមួយ និងបុគ្គលិកគិលានុបដ្ឋាកយិកា ០១រូប នៅពីខាងក្រៅច្រកទ្វារចូល ទៅក្នុងកន្លែងពិនិត្យព្យាបាលអ្នកជំងឺ ដើម្បីរង់ចាំយកកំដៅ និងការបែងចែកជំងឺ (Triage) និងការត្រួតពិនិត្យអ្នកជំងឺដំបូង (Scing)។ គ្រប់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវធានាថាគ្រប់អ្នកជំងឺ និងមនុស្សចេញចូលទាំងអស់ដែលចូលទៅក្នុងកន្លែងពិនិត្យព្យាបាលជំងឺ ត្រូវបានត្រួតពិនិត្យតាមរយៈការវាស់កំដៅ ដោយប្រើឧបករណ៍ស្ទង់កម្តៅ ដែលមិនប៉ះផ្ទាល់ ដើម្បីពិនិត្យរកមើលពីករណីសង្ស័យជំងឺកូវីដ-១៩ ដោយពឹងផ្អែកលើនិមយមន័យ ករណីដែលក្រសួងសុខាភិបាលបានកំណត់ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ។

៣៖ ប្រសិនបើមានសញ្ញាណាមួយ ដូចក្នុងនិយមន័យកូវីដ-១៩ អ្នកជំងឺ ឬបុគ្គលនោះ សន្មត់ថា ជាករណីសង្ស័យជំងឺកូវីដ-១៩ ត្រូវឱ្យគាត់ពាក់ម៉ាស់ និងណែនាំគាត់ឱ្យទៅកាន់កន្លែងរង់ចាំមួយ ដែលនៅក្បែរនោះ ដោយរក្សារគម្លាតយ៉ាងហោចណាស់មួយម៉ែត្រកន្លះ (១.៥ម៉ែត្រ) ពីគ្នា រួចជូនព័ត៌មានទៅកាន់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដើម្បីមកសម្របសម្រួលបញ្ជូនគាត់ ទៅកាន់មណ្ឌលចត្តាឡីស័ក ដែលរៀបចំសម្រាប់អ្នកជំងឺកូវីដ-១៩។

៤៖ ត្រូវអនុវត្តអនាម័យដៃជាប្រចាំ ដោយលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល៧០% ឬអាល់កុលដែល។ ក្នុងករណីអ្នកជំងឺសង្ស័យថា ជាជំងឺកូវីដ-១៩ ត្រូវសម្អាតទីកន្លែងពិនិត្យព្យាបាលជំងឺ ដោយប្រើអាល់កុល ៧០% ឬ សូលុយស្យុងអូសាវែលដែលមានកំហាប់ 0.១% លើផ្ទៃឧបករណ៍ដែលប្រើប្រាស់ឡើងវិញ និងសូលុស្យុងអូសាវែលដែលមានកំហាប់០.៥% លើផ្ទៃប្រឡាក់ផ្សេងៗ និងជូតសម្អាតឥដ្ឋ និងសូលុស្យុងអូសាវែលដែលមានកំហាប់ ០.០៥% សម្រាប់ត្រាំឧបករណ៍សម្ភារៈ ដែលប្រើប្រាស់ឡើងវិញ ព្រមទាំងបាញ់សម្លាប់មេរោគ នៅក្នុងបរិវេណពិនិត្យព្យាបាលអ្នកជំងឺទាំងមូល។

៥៖ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងយកសំណាកទៅពិនិត្យ និងតាមដានសុខភាពជាប្រចាំ ចំពោះគ្រូពេទ្យ និងបុគ្គលិកដែលបានប៉ះពាល់ជាមួយនឹងអ្នកជំងឺ ដែលសង្ស័យថាជាជំងឺកូពីដ-១៩ នោះ។

៦៖ ត្រូវមានធុងពណ៌លឿង ដែលមានស្លាកសញ្ញាគ្រោះថ្នាក់ពណ៌ខ្មៅ សម្រាប់ដាក់សំណល់ឆ្លងរោគ និងសម្ភារៈអ្នកជំងឺដែលសង្ស័យថា ជាជំងឺកូវីដ-១៩ ដូចជាម៉ាស់ពាក់ ក្រដាស់ជូតជាដើម។ បន្ទាប់មកត្រូវប្រមូលយកសំណល់ទាំងនោះទៅដុតកំទេចចោល ក្នុងឡដែលមានសីតុណ្ហភាពលើសពី៨០០ អង្សាសេ ឡើងទៅ។

៧៖ ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវជួយអប់រំផ្សព្វផ្សាយ អំពីវិធានការណ៍នៃការចម្លងជំងឺកូវីដ-១៩ ទៅដល់បុគ្គលិក អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ព្រមទាំងឱ្យគាត់ចូលរួមសហការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយការលាងដៃជាមួយទឹក និងសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ និងពាក់ម៉ាស់ ព្រមទាំងរក្សានូវគម្លាតសុវត្ថិភាព យ៉ាងតិចពី ១.៥ ម៉ែត្រឡើងទៅ និងត្រូវដោយអនុវត្តនូវវិធានការណ៍ ៣ ការពារ ៣ កុំ និង២ ចូលរួម។

ក្រសួងសុខាភិបាលសង្កត់ធ្ងន់ថា ក្នុងករណីដែលជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជន ណាមួយមិនបានគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលទេនោះ ក្រសួងនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់ បំផុតចំពោះម្ចាស់សវាពិនិត្យព្យាបាលជំងឺឯកជននោះ ដោយអនុវត្តទៅតាមច្បាប់ និងអនុក្រឹត្យ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតជាធរមានរួមមាន៖ ការព្យួរ ឬដកអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម, ការបិទអាជីវកម្ម, ការពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារជាដើម៕