(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញវិធានការរដ្ឋបាលបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា បានបញ្ជាឲ្យផ្អាកជាបណ្ដោះអាសន្ននូវទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃទូទាំងខេត្ត ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

សកម្មភាពអាជីវកម្មពេលរាត្រី រួមមាន៖ ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ម៉ាត ហាងទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាមទីសាធារណៈនានាដែលមានសភាពអ៊ូអរ និងមានមនុស្សជួបជុំក្នុងចំនួនច្រើន ត្រូវផ្អាកបណ្ដោះអាសន្ន ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

បន្ថែមពីនេះ លោក អ៊ុន ចាន់ដា បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ត្រូវក្ដាប់មុខសញ្ញាចំណូលស្រុក មកពីតំបន់ហានិភ័យខ្ពស់ តម្រូវឲ្យអនុវត្តវិធានចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត។

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ត្រូវបន្ដពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងត្រូវដឹកនាំអនុវត្តឲ្យបានជាប់ជាប្រចាំនូវវិធានការរដ្ឋបាល របស់រដ្ឋបាលខេត្តកំពង់ចាម ដែលបានដាក់ចេញនៅពេលនេះ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវធ្វើការណែនាំដល់ព្រះគ្រូចៅអធិការ គណៈកម្មការវត្ត ត្រូវចាត់ចែងណែនាំឲ្យអនុវត្តនូវវិធានការសុខាភិបាលផងដែរ៕