(បាត់ដំបង)៖ នៅទីបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ មានប្ររព្ធពិធីខួបលើកទី១០៥ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ « វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចេរភាព» ក្រោមអធិបតីភាពរបស់ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជារការយោធភូមិភាគទី៥ និងលោកស្រី ឡៃ គឹមហុង ប៊ុន សេង ប្រធានកិត្តិយសនារីយោធភូមិភាគទី៥។  ក្នុងនោះក៏មានការអញ្ជើញចូលរួមផងដែរពីលោកឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការរង និងជាសេនាធិការយោធភូមិភាគទី៥ មេបញ្ជាការរងយោធភូមិភាគ មេបញ្ជាការ មេបញ្ជាការរង កងពលតូចតំបន់ប្រតិបត្តិការសឹករងខេត្ត ភរិយា នាយទាហាន ក្នុងជួរថ្នាក់ដឹកនាំយោធភូមិភាគ យុទ្ធនារីក្នុងរាជអាវុធហត្ថ កងនគរបាលជាតិ និងនាយទាហានសរុប៣៦០នាក់។

លោកស្រី ឡៃ គីមហុង ប៊ុន សេង ប្រធានកិត្តិយសនារីយោធភូមិភាគទី៥ បានអាននូវព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវរមាតាតជាតិខ្មែរ ក្នុងសេចក្តីថ្លៃថ្នូ សុភមង្គល ដោយបានរំលឹកខួបលើកទី១០៥ នៃទិវាអន្តរាជាតិនារី ៨មីនាឆ្នាំ២០១៦នេះ ដែលជាព្រឹត្តការណ៍ ដ៏សំខាន់ក្នុងការជម្រុញនិងលើកតម្កើង​ដល់ស្រ្តីនូវប្រវត្តិសាស្រ្ត​តស៊ូរបស់នារី ទូទាំង​សកលលោក ក៏ដូចជាទីទាំងប្រទេសកម្ពុជា និងបានបង្ហាញពីសកម្មភាពលើកកម្ពស់តម្លៃ ឋានៈតួនាទីក្នុងរួមចំណែករបស់ស្រ្តី ជាពិសេសនារី ក្នុងជួរកងយោធពលខេមរៈភូមិន្ទ បានចូលរួមយ៉ាង​សកម្មបម្រើក្នុងវិស័យការពារជាតិ។ នៅក្នុងពិធីនោះដែរ ក៏មានការជូនបាច់ផ្កា និងចុះហត្ថលេខាលើសៀវភៅកម្រងអនុសាវរីយ៍ និងមានសំណួរចម្លើយ​ចាប់ឆ្នោតទទួលរង្វាន់​ជាការសប្បាយនិងពិធី​បំពាក់គ្រឿងឥស្សរយស ជូនលិខិតសរសើរប័ណ្ណសរសើរ​ថ្នាក់យោធភូមិភាគ​ទី៥ ដល់យុទ្ធនារីបុគ្គលមានស្នាដៃ និងសប្បុរសជនដែលបាន​ចូលរួមឧត្ថមកន្លង។ លោឧត្តសេនីយ៌ឯក ប៊ុន សេង បានបញ្ជាក់ថា អស់រយៈពេល១០៥ ឆ្នាំកន្លងផុតទៅដែលចលនា​នារីពិភពលោក បានទទួលការគាំទ្រជាសកល ដោយឡែក នៅព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់គាំទ្រជម្រុញការការលើក​កម្ពស់សុខភាពយិនឌ័រ និងស្ថានភាពស្រ្តីនៅកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច ឈានទៅកាត់បន្ថយ​ភាពក្រីក្រ និងការអភិវឌ្ឍន៍​ជាតិលើគ្រប់វិស័យ។

លោក ប៊ុន សេង បានគូសបញ្ជាក់បន្ថែមទៀតថា ទោះបីនារីមានការរវល់ក្នុងកិច្ចការផ្ទះសម្បែងក្តី ក៏នារីក្នុងជួរកងទ័ពបានពុះពារគ្រប់ការលំបាកបម្រើការងារជូនជាតិមាតុភូមិផងដែរ ជាមួយ​និងប្រធាន​បទ « វិនិយោគលើសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្ឍន៍​ប្រកបដោយចេរភាព » ពិតជាត្រូវបានផ្សព្វផ្សាយទូលំទូលាយក្នុងសង្គមកម្ពុជាទាំងមូលនិងបានរួមចំណែកលើកកម្ពស់សមត្ថភាព តម្លៃនារី ខ្មែរក្នុងសង្គមជាតិបានល្អ។ លោក ប៊ុន សេង បានវាយតម្លៃខ្ពស់ចំពោះនារី ក្នុងជួរកម្លាំងប្រដាប់អាវុធ កងនគរបាល កងរាជអាវុធហត្ថ កងអង្គភាពស៊ីម៉ាក់ នៃកងយោធពលខេមរភូមិន្ទ​ប្រឹងប្រែង យកអស់កម្លាំងកាយចិត្តដើម្បីសម្រេចបាននូវភាពឧត្តុងឧត្តម ក្នុងការអភិវឌ្ឍន៍ជាតិមាតុភូមិ។ នៅក្នុងអង្គពិធីនេះដែរ លោកស្រី ឡៃ គឹមហុង ប៊ុន សេង បានផ្តល់នូវវត្ថុអនុស្សាវរីយ៍​ដល់យុទ្ធនារី គ្រប់ស្ថាប័នរបស់កងយោធពលខេមរភូមិន្ទដែលបានចូលរួមទាំង៣៦០នាក់ ក្នុងនោះនារីមកពីគ្រប់អង្គភាពទទួលបានថវិកា៤ម៉ឺនរៀលនិងសារុង១ បុរសបានចូលរួម​បានទទួលថវិកា​២ម៉ឺនរៀល និងប៊ិច១ដើម យោធិនចូលនិវត្ត១០នាក់ ម្នាក់ៗទទួលបាន១០ម៉ឺនរៀល និងគ្រួសារមរណៈ២នាក់ ម្នាក់ៗទទួលបាន២០ម៉ឺនរៀល ព្រមទាំងបានទទួល​អាហារសាមគ្គី​១ពេលទាំងអស់គ្នាផង​ដែរ៕