(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា ដែលជាស្វាមីរបស់ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅម៉ោង៤៖០០នាទី រសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីផ្នែកព័ត៌មាន។

អតីតនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ជាមិត្តរួមជំនាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូផ្តួលរំលំរបប ប៉ុល ពត បានទទួលមរណភាព កាលពីវេលាម៉ោងប្រមាណ ១៖៣៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៦នេះ ដោយរោគាពាធក្នុងជន្មាយុ ៦៦ឆ្នាំ។ ពេលនេះសពរបស់លោកកំពុងតម្កល់ក្នុងភូមិគ្រឹះលេខ៣ ផ្លូវលេខ៤៦៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងជើងក្រសួងមហាផ្ទៃ)។

កាលពីម្សិលមិញ សម្តេចតេជោ បានអះអាងថា សម្តេចបានស្រក់ទឹកភ្នែក ចំពោះមរណភាពនៃឥស្សរជន លោក ប៉េង ប៉ាត់។ សម្តេចថា «ខ្ញុំពុំមានអ្វីក្រៅពីទឹកភ្នែកជូនដំណើរមិត្តជាទីស្រឡាញ់ និង បួងសួងសុំឱ្យវិញ្ញាណក្ខន្ធយុទ្ឋមិត្ត ប៉េង ប៉ាត់ ទៅកាន់សុគតិភពនោះឡើយ»៕