(ភ្នំពេញ)៖ ប្តីញៀនថ្នាំ ញៀនស្រាម្នាក់បានទាញដាវសាំម៉ូរ៉ៃដេញកាប់ប្រពន្ធ និងកូន រងរបួសធ្ងន់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះអស់ជាច្រើន​បង្កឲ្យមានការភ័យខ្លាច និងភ្ញាក់ផ្អើលដល់កម្លាំង​នគរបាលខណ្ឌឫស្សីកែវ ចុះមកអន្តរាគមន៍​ដេញតាមចាប់ក្របួច​ជនសង្ស័យ​ជាប្ដីបានភ្លាមៗ ដើម្បីយកមកធ្វើការ​សាកសួរ។ ហេតុការណ៍ខាងលើបានកើតឡើងនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ២៥៩៣ ផ្លូវបេតុង ភូមិ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

នាយប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២ លោក ណុះ សាវី បានឲ្យដឹងថា ជនបង្កជាប្តីឈ្មោះសាន់ ម៉ាត់ អាយុ៥២ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មានមុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅចំណុចកើតហេតុខាងលើ ជាមួយប្រពន្ធ ឈ្មោះហ៊ីម ម៉ៃសង អាយុ៥៦ឆ្នាំ ខែ្មរឥស្លាមដូចជា មានមុខរបរជាអ្នកដើរ ទិញសំបកខ្លងម្សៅ។ ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News ទាំងទឹកភ្នែកថា ប្ដីរបស់គាត់ សាន់ម៉ាត់ ជាពោះម៉ាយមានកូន២នាក់ និងបានលែងលះ​ជាមួយប្រពន្ធ​ដើមដាច់ស្រេច ហើយទើបបានស្គាល់គ្នាជាមួយគាត់ ដែលជាស្ត្រីមេម៉ាយ​មានកូនប្រុសស្រីចំនួន​៣នាក់ និងបានចាប់ដៃគ្នា ជាប្ដីប្រពន្ធតាំងពីឆ្នាំ​១៩៩៤មកម្ល៉េះ។ រយៈ​ពេលជា២០ឆ្នាំនេះ គាត់មិនមានកូនចៅ​ជាមួយគ្នាទេ មកទល់បច្ចុប្បន្ននេះ ដោយឡែកប្ដីរបស់គាត់ពីមុន រត់ម៉ូតូឌុប ប៉ុន្តែថ្ងៃណាក៏ស្រវឹងដែរ និងប្រើប្រាស់​ថ្នាំញៀនទៀត ដោយ១ថ្ងៃៗលេងតែល្បែង ដោយការចាញ់ល្បែង​ក៏លក់ម៉ូតូចោល ទើបគ្មានការងារធ្វើទល់សព្វថ្ងៃនៅតែផ្ទះ។

ស្ត្រីរងគ្រោះបានបន្តថា ចាប់តាំងពីប្ដីរបស់គាត់គ្មានម៉ូតូរត់ឌុប គឺមិនដែលនៅផ្ទះទេ ដើរតែផឹកស្រវឹងរាល់ថ្ងៃ និងជេរប្រមាថរូបគាត់ និងបោកកម្ទេចសម្ភារក្នុងផ្ទះបានក្លាយទៅជាទម្លាប់ទៅហើយ ប៉ុន្តែប្ដីរបស់គាត់ពុំដែលវាយគាត់ សូម្បីតែមួយដៃឡើយ ទើបតែពេលនេះប្ដីគាត់បានទាញដាវមកកាប់ចំពីលើក្បាលរបស់គាត់បណ្ដាលឲ្យរងរបួសហូរឈាមដេរជាច្រើនថ្នេរបែបនេះ ទើបគាត់សម្រេចប្ដឹង​ទៅសមត្ថកិច្ចប៉ុស្ដិ៍ នគរបាលច្រាំងចំរេះទី២ឲ្យឃាត់ខ្លួនតែម្ដង។ លោក ណុះ សាវី នាយប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២ បានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណី ប្ដីកាប់ប្រពន្ធបណ្ដាល​ឲ្យរងរបួស រយះក្បាលហូរឈាម កម្លាំងនគរបាលប៉ុស្ដិ៍​របស់បានទៅជួយអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនបុរសជាប្ដី។ ជនបង្កត្រូវបាននគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ បញ្ជូនទៅឃុំខ្លួន​សាកសួរ បណ្ដោះអាសន្ននៅ​អធិការដ្ឋាន គរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីនៃផ្លូវច្បាប់៕