(ភ្នំពេញ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទាំងថវិកា សាច់ជ្រូក និងស្បៀងអាហារផ្សេងទៀត ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យកទៅប្រគល់ជូនប្រជាពលរដ្ឋ ចំនួនជិត២០០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិទី១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបន្តទៀត នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ បើទោះបីកាលពីយប់មិញ លោកបានចុះសួរសុខទុក្ខ និងបាននាំយកនូវស្បៀងអាហារ ផ្តល់ជូនម្តងរួចហើយក្តី។

លោក ឃួង ស្រេង បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងនៅពេលនេះ ខណៈដែលទទួលបានព័ត៌មានពីបងប្អូន ដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននេះ សម្តេចបានឲ្យអាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែង និងនាំយកនូវថវិកា ស្បៀងអាហារ មួយចំនួនមកចែកជូនភ្លាមៗ តែម្តងបើទោះបីនៅពេលយប់ក៏ដោយ។

លោកបន្តទៀតថា សម្ដេចតេជោ ហ៊ុន សែន នៅតែជាជួរមុខក្នុងការជួយដល់ប្រជាពលរដ្ឋ បើទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ ជាក់ស្តែង ខណៈដែលបងប្អូនជួបការលំបាកក្នុងជីវភាពពេលកំពុងធ្វើចត្តាឡីស័កនេះ គឺសម្តេចបានណែនាំឲ្យចុះជួយភ្លាមៗ។

ជាមួយគ្នានេះ លោក ឃួង ស្រេង សូមឲ្យប្រជាពលរដ្ឋមានការយោគយល់ ចំពោះការបិទ ភូមិមួយនេះមិនឲ្យចេញចូល ដោយសារតែនេះជាវិធានរបស់ ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ ប្រទេសណាក៏គេធ្វើដូច្នេះដែរ សំដៅធ្វើយ៉ាងណាកុំឲ្យជំងឺនេះរាលដាលកាន់តែខ្លាំង។

គួរជម្រាបថា លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី១៦ ក្នុងសង្កាត់ទន្លេបាសាក់នេះ មានចំនួនជាង៣០០គ្រួសារ ប៉ុន្តែប្រជាពលរដ្ឋ ដែលអាជ្ញាធរតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ក នៅពេលនេះ មានចំនួន១៩៤គ្រួសារ។

អំណោយដែលប្រគល់ជូននៅពេលនេះ ក្នុងមួយគ្រួសារ ទទួលបានថវិកា៣០ម៉ឺនរៀល សាច់ជ្រូក២គីឡូក្រាម ត្រីខ៦កំប៉ុង និងទឹកបរិសុទ្ធ ១កេស ខណៈដែលកាលពីយប់មិញលោក ឃួង ស្រេង បានប្រគល់ជូននូវអង្ករចំនួន ២៥គីឡូក្រាម និងមី១កេស ក្នុង១គ្រួសាររួចហើយដែរនោះ៕