(សៀមរាប)៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ប្រធានសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប បានដឹកនាំសមាជិកនៃសមាគម ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោក ថោង ប៊ុនថារី ប្រធានសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប មានប្រសាសន៍ថា សមាជិកដែលមកចាក់វ៉ាក់សាំងកូវីដ១៩នៅពេលនេះ សរុប ៥៦នាក់ ហើយការចាក់នេះធ្វើឡើងដោយការស្ម័គ្រចិត្ត។ ជាមួយគ្នានោះ លោក ថោង ប៊ុនថារី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ពិសេសរដ្ឋបាលខេត្តសៀមរាប ដែលបានអនុញ្ញាតឲ្យសហគ្រិនបានចាក់វ៉ាក់សាំងនៅពេលនេះ ដ្បិតថាសហគ្រិនជាមនុស្សដែលស្ថិតនៅជួរមុខ បម្រើសេវាកម្ម ក៏ដូចជាមានទំនាក់ទំនងនៅខាងក្រៅច្រើន ដែលប្រឈមនឹងហានិភ័យខ្ពស់។

លោក ថោង ប៊ុនថារី លើកឡើងទៀតថា ការទទួលវ៉ាក់សាំងបង្ការនៅពេលនេះ គឺអាចជួយការពារសង្គមគ្រួសារ រួមនិងបុគ្គលិកទាំងអស់ ឲ្យជៀសឆ្ងាយពីជំងឺកូវីដ១៩ ដែលកំពុងយាយីជាសាកលលោក។ យ៉ាងណាក៏ដោយ បើទោះបីបានចាក់វ៉ាក់សាំងរួចក៏ពិតមែន តែលោកប្រធានសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប ប្រាប់ថា រូបលោក ក៏ដូចជាសមាជិកទាំងអស់ នឹងបន្តអនុវត្តវិធានការសុខាភិបាល ពិសេសគោរពទៅតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ ដើម្បីធានាបានថា មិនប្រឈមនឹងការឆ្លងជំងឺកូវីដ១៩។

ក្នុងនោះដែរ ជាប្រជាពលរដ្ឋមួយរូប លោក ថោង ប៊ុនថារី បានអំពាវនាដល់ប្រជាវពលរដ្ឋទាំងអស់ក្នុងប្រទេសកម្ពុជា សូមមានការជឿជាក់លើវ៉ាក់សាំងកូវីដ១៩ ហើយការចាក់វ៉ាក់សាំងគឺដើម្បីការពារខ្លួនឯង គ្រួសារ ក៏ដូចជាជួយសង្គមជាតិឲ្យឆាប់វិលត្រឡប់មកដូចសភាពដើមវិញនាពេលអនាគត និងស្ដារសេដ្ឋកិច្ចយើងឡើងវិញ៕