(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី ជួយតម្រង់ទិសនៃការអភិវឌ្ឍរបស់ខ្លួន ទៅលើតំបន់ឆ្លងកាត់ព្រំដែននានារបស់កម្ពុជា ដើម្បីលើកកម្ពស់វិស័យភស្តុភារកម្ម និងការដឹកជញ្ជូននៅកម្ពុជា ពង្រីកទំហំពាណិជ្ជកម្ម បង្កើនការចូលទៅកាន់ទីផ្សារ ក្នុងតំបន់ ជាពិសេសទីផ្សារមហាអនុតំបន់ទន្លេមេគង្គ (GMS) ក៏ដូចជាអាស៊ាន ដោយបើកផ្លូវចូលទៅកាន់ព្រំដែនដោយផ្ទាល់ និងការឆ្លងកាត់ក្នុងតំបន់ដែលធ្វើឱ្យប្រសើរ ឡើងដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាតាមរយៈកំណើនសេដ្ឋកិច្ច។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើដូចនេះនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ីក្រោមការ សម្រួលពីលោក Alexander D. Nash អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុង (Urban Development Specialist) តាមប្រព័ន្ធវីដេអូពីចម្ងាយដោយមានការចូលរួម ដោយផ្ទាល់ ពីថ្នាក់ដឹកនាំទទួល បន្ទុកលើជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

ជំនួបនេះក៏បានពិភាក្សា លើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាទិភាពសំខាន់ៗទាំងឡាយ ដែលក្នុងនោះរួមមាន៖ ការលើកកម្ពស់កម្រិតគុណភាពផ្លូវថ្នល់ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងវិស័យសាធារណការ និងដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ ការគ្រប់គ្រងទឹកស្អាតសម្រាប់ទីក្រុង ផែនការមេជាតិភ័ស្តុភារកម្ម ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗជាច្រើនទៀតផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងបានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងសម្រេចបាន និងគម្រោងកំពុងអនុវត្តបន្តនានា និងទិដ្ឋភាពជាច្រើន ដែលចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងដូចជា៖ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដើម្បីគ្រប់ គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីកាត់ពិន្ទុបណ្ណបើក បរចំពោះអ្នកបើកបរដែលល្មើស ខណៈការពិន័យជាប្រាក់នៅតែពុំរាងចាល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីអត្រា នៃគ្រោះថ្នាក់ចរាចរណ៍ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ការរៀបចំប្រព័ន្ធ ព័ត៌មានវិទ្យាមួយថ្មីទៀត ក្នុងការចាប់យករូបភាពយានយន្ត ដែលបើកបរល្មើសនឹងច្បាប់ ដោយប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះ មានកម្មវិធីស្កេនលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុទៅតាមស្ថាននៃបទល្មើស ដោយក្រុមការងារព័ត៌មានវិទ្យា (IT)របស់ក្រសួង កំពុងជំរុញការងាររៀបចំប្រព័ន្ធនេះ ឱ្យបានចប់សព្វគ្រប់ ដើម្បីយក ទៅធ្វើបទបង្ហាញជូនសម្តេចក្រឡាហោម ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុននឹងសម្រេចឈានទៅអនុវត្តជាក់ស្តែង។

ជាការឆ្លើយតប លោក Alexander D. Nash បានធ្វើការកត់សម្គាល់ និងបានសម្តែងចំណាប់ចំពោះសំណើនានា ដែលលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានលើកឡើង និងបានគូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹងធ្វើការពិនិត្យ និងសម្របសម្រួលចំពោះសំណើទាំងនោះ៕