(ភ្នំពេញ)៖ រឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បាននឹងកំពុងសុះសាយពេញបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនទាំងក្នុង និងក្រៅប្រទេស។ បងប្អូនប្រជាពលរដ្ឋ និងប្រធានគណបក្សមួយចំនួន បាននឹងកំពុងទទូចឲ្យលោក កឹម សុខា ចេញមុខបកស្រាយការពិតនូវសារសម្លេង ឆ្លងឆ្លើយរវាងលោក កឹម សុខា ជាមួយស្រីស្នេហ៍ ដែលគេដឹងថាឈ្មោះអាមុំ ដើម្បីបញ្ជាក់ការពិត។  

ដោយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងរឿង អសីលធម៌ត្រូវបានមហាជន នាំគ្នាសង្ស័យថា លោក កឹម សុខា បានលួចលាក់មានស្នេហាជាមួយនឹងស្រីក្មេងម្នាក់ ដែលបានកំណត់ថា ជានារី កំណាន់ចិត្តរបស់អនុប្រធានគណបក្សសង្រ្គោះជាតិនោះ ដូច្នេះមានតែសាម៉ីខ្លួនតែម្នាក់គត់ ដែលអាចស្រាយចម្ងល់​មហាជនបាន។

លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា «បើមិនចេញមុខមកបកស្រាយទេ មានន័យថា លោក កឹម សុខា បានប្រព្រឹត្តពិតប្រាកដមែន ដោយ ហេតុថា ក្នុងនាមជាមេដឹកនាំម្នាក់ ត្រូវហានចេញមកបកស្រាយ​ជាសាធារណៈជុំវិញ រឿងអាស្រូវរបស់ខ្លួន ទោះបីជាការបកស្រាយនោះ មានអត្ថន័យយ៉ាងណាក៍ដោយ»

សូមជំរាបថា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ម្សិលមិញ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា បានចេញសេចក្តីអំពាវនាវមួយ ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ បញ្ឈប់ការគាំទ្របក្ស​ណាដែល​មាន មេដឹកនាំល្មោភកាម និងល្មោភល្បែង។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា៖ ក្នុងនាមជាមេដឹនាំគណបក្សនយោបាយទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ សច្ចៈធម៌ មនុស្សធម៌ មេត្តាធម៌ អោយបានជាដាច់ខាត ដើម្បីការអភិវឌ្ឍន៍​ជាតិ​ឲ្យមានការរីកចំរើន និងប្រកបដោយស្ថេរភាព ព្រមទាំងសន្តិភាពជានិរន្ត។

ប្រធានគណបក្សរូបនោះបានថ្លែងអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាបញ្ឈប់ការ គាំទ្រគណបក្សណា មួយដែលមាន មេដឹកនាំល្មោភកាម ញៀនល្បែង និងគ្មានសីលធម៌ ជាដើម ដោយហេតុថា មេដឹកនាំនយោបាយជាគំរូរបស់ កូនចៅជំនាន់ក្រោយ នឹងជាអត្តសញាណនៃជាតិយើងផងដែរ ក្នុងន័យនេះ ខ្ញុំសូមជម្រាបថា មេដឹនាំគណបក្សនយោបាយទាំងអស់ ត្រូវប្រកាន់ ខ្ជាប់នូវគុណធម៌ សីលធម៌ សច្ចៈធម៌ មនុស្សធម៌ មេត្តាធម៌ អោយបានជាដាច់ខាត ដើម្បីការអភិវឌ្ឍន៍ជាតិអោយមានការរីកចំរើន និងប្រកប ដោយស្ថេរភាព ព្រមទាំងសន្តិភាពជានិរន្ត»