(ភ្នំពេញ)៖ ផ្នែកក្រសួងស្ថាប័ន នៃយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក ជ្រុន ថេរ៉ាវ៉ាត បាននាំយកថវិកាចំនួន ១០,២៤៩ដុល្លារ ដែលបានមកពីការបរិច្ចាករបស់សមាជិក សមាជិកាផ្នែក ចូលរួមឧបត្ថម្ភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល។

ផ្នែកក្រសួងស្ថាប័ន នៃយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវសេចក្តីគោរព និងកោតសរសើរដល់វីរភាពក្រុមគ្រូពេទ្យកម្ពុជា ដែលបានអនុវត្តនូវតួនាទីរបស់ខ្លួនយ៉ាងសកម្ម ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕