(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានសុំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំការមន បន្តយកចិត្តទុកដាក់អនុវត្តនូវវិធាននានា របស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ខណៈនៅកម្ពុជា បានរកឃើញអ្នកវិជ្ជមានកូវីដជាបន្តបន្ទាប់ និងមានអ្នកស្លាប់ដោយសារជំងឺនេះផងដែរ ដូច្នេះដើម្បីការពារកុំឱ្យកូវីដបន្តឆ្លងក្នុងសហគមន៍ទាំងអស់គ្នា ចូលរួមទាំងអស់គ្នាអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ «៣ការពារ ៣កុំ»

លោកអភិបាលបានស្នើឡើងដូចនេះ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋ ប៉ះពាល់នៃព្រឹត្តិការសហគមន៍២០កុម្ភៈ ដែលខ្វះខាតជីវភាពចំនួន២០គ្រួសារ នៅសង្កាត់បឹងត្របែក នៅបរិវេណសាលាសង្កាត់។

នៅក្នុងឱកាសនេះដែរ លោក ថេង សុថុល បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសម្ដេចតែងបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ឲ្យ ឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការ នយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច។

ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ ដល់បងប្អូនកំពុងធ្វើចត្តាឡីស័ក ដែលជាអ្នករងផលប៉ះពាល់ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងសូមឲ្យបងប្អូន រក្សាអនាម័យខ្លួនប្រាណ ពាក់ម៉ាសឲ្យបានត្រឹមត្រូវ លាងសំអាតដៃញឹកញាប់ រក្សាគំលាតឲ្យបានឆ្ងាយពីគ្នា មុនប្រើប្រាសរបស់អ្វីមួយ ត្រូវតែលាងសំអាតឲ្យបានស្អាតល្អ បាញ់អាល់កុល និងត្រូវទៅទទួលការចាក់វ៉ាក់សាំង ឲ្យបានទាន់ពេលវេលាងដែរ។

លោកអភិបាលខណ្ឌបានទទូចសុំកុំឲ្យមានការជួបជុំគ្នាជាទ្រង់ទ្រាយធំណាមួយ រូមទាំងពិធីសាសនានានាផងដែរ ដើម្បីទប់ស្កាត់នូវការចម្លង ឬការរីករាលដាលនៃជំងឺប្រភេទថ្មីៗ នៅក្នុងប្រទេសកម្ពុជា ដូចដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាកដាលនៃជំងឺកូវីដ១៩នេះ ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក សុន សិទ្ធី នាយករដ្ឋបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្នុង០១គ្រួសារ រួមមាន៖ អង្ករ ចំនួន ០១ប៉ាវ ស្មើនឹង ២០គីឡូក្រាម, មី ចំនួន ០១កេស, ទឹកត្រី ចំនួន ០១យួរ, ទឹកស៊ីអ៉ីវ ចំនួន ០១យួរ, ម៉ាស ចំនួន ១០, ទឹកបរិសុទ្ធ ចំនួន ០១កេស៕