(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងក្រោមដី គ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែខាងមុខទៀតនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសជួបពិភាក្សាការងាជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍ អាស៊ីក្រោមការសម្រួលពីលោក Alexander D. Nash អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុង (Urban Development Specialist) តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួម ដោយផ្ទាល់ពីថ្នាក់ដឹកនាំទទួលបន្ទុក លើជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

ជំនួបនេះក៏បានពិភាក្សា លើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាទិភាពសំខាន់ៗទាំងឡាយ ដែលក្នុងនោះរួមមាន៖ ការលើកកម្ពស់កម្រិតគុណភាពផ្លូវថ្នល់ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងវិស័យសាធារណការ និងដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ ការគ្រប់គ្រងទឹកស្អាតសម្រាប់ទីក្រុង ផែនការមេជាតិភ័ស្តុភារកម្ម ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗជាច្រើនទៀតផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះថា «ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Mono Rail នៅរាជធានីភ្នំពេញដែលត្រូវបានសិក្សាចប់សព្វគ្រប់ហើយ និងការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងក្រោមដី ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែខាងមុខនេះទៀត»

ខណៈដែលការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងក្រោមដី ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែខាងមុខនេះទៀតនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីជួយពិនិត្យឡើងវិញ លើលទ្ធផលនៃគម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ផងដែរ។

ជាការឆ្លើយតបលោក Alexander D. Nash បានធ្វើការកត់សម្គាល់ និងបានសម្តែងចំណាប់ចំពោះសំណើនានា ដែលទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង និងបានគូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹងធ្វើការពិនិត្យនិងសម្របសម្រួលចំពោះសំណើទាំងនេះ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានថ្លែងបញ្ជាក់ដែរថា ក្រសួងកំពុងសិក្សាគម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ការសិក្សាគម្រោង Monorail និងគម្រោងផ្លូវរថភ្លើងក្រោមដី ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិនិត្យ និងពិចារណាជ្រើសរើសគម្រោងណាមួយក្នុងការដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញនាពេលសព្វថ្ងៃនេះ។

កម្ពុជាបានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចររបស់ពលរដ្ឋ និងកាត់បន្ថយការកកស្ទះដែលបណ្តាលមកពីកំណើតយានយន្ត នៅរាជធានីភ្នំពេញ ក្នុងនោះមានការសាងសង់ស្ពានអាកាស ស្ពានអាកាសថ្មើជើង។ គម្រោងផ្លូវរថភ្លើងក្រោមដី ត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូន និងកាត់បន្ថយការកកស្ទះផងដែរ។

បើតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងក្រោមដីនេះ គិតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានល្អិតណាមួយ ដែលអាចបញ្ជាក់ច្បាស់ពីទំហំទឹកប្រាក់ និងទីតាំងច្បាស់លាស់នៅឡើយទេ ដោយរង់ចាំការសិក្សាចប់សព្វគ្រប់តែម្តង៕