(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់នាយទាហាន នាយទាហានរង និងពលទាហានឈរជើងតាមព្រំដែននៅសរភូមិទិសទី១ ប្រាសាទព្រះវិហារ ត្រូវការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩ បើទោះបីជាបានចាក់វ៉ាក់សាំងការពាររួចហើយក៏ដោយ។

ថ្លែងក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ ដែលជាអង្គភាពសម្ព័ន្ធមេត្រី ជាមួយនឹងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី៦ មេសា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងថា រយៈពេលមួយឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីមានចំនួនតែជាង ៤០០នាក់ប៉ុណ្ណោះ តែរហូតមកដល់ថ្ងៃនេះជិត៣០០០នាក់ហើយ។ ចំនួននេះអាចមិនមានការថមថយទេ បើយើងទាំងអស់គ្នាមិនចូលរួមការពារ មិនចូលរួមទប់ស្កាត់ព្រឹត្តិការសហគមន៍២០កុម្ភៈនោះ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចតែងគិតគូរយកចិត្តទុក្ខ ដាក់ជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់កងទ័ព និងគ្រួសារកងទ័ព។

លោកក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន, លោក ប្រាក់ វណ្ណឌី ក៏ដូចជាសមាជិកក្រុមលេខ ក្រុមជំនួយការ និងអង្គភាពសម្ព័ន្ធមេត្រីផ្សេងទៀតដូចជាឧត្តរមក្រុមប្រឹក្សាសេដ្ឋកិច្ច ធានាគារកាណាឌីយ៉ាផងដែរ។

លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណតាមរយៈលោក ផាន និម្មិត ជូនចំពោះលោកនាយកខុទ្ទកាល័យសម្តេចតេជោ ដែលជានិច្ចជាកាលលោកតែងគិតគូរដើម្បីឲ្យការមកសួរសុខទុក្ខនេះបានធ្វើជាទៀងទាត់មួយឆ្នាំ៣ដង។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងកោតសរសើរ ដល់នាយ និងពលទាហានទាំងអស់ ក្នុងវរសេនាតូចលេខ៣៨៥ ដែលអនុវត្តបានល្អតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល៣កុំនិង៣ការពារ ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

លោកថា វ៉ាក់សាំងការពារទោះបីបានចាក់ហើយក៏នៅតែឆ្លងដែរ បើយើងមិនបានអនុវត្តន៍វិធានការការពារឲ្យបានត្រឹមត្រូវនេះ ហើយលោកក៏ផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តរួមសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។

ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧០ ឈានចូល ៧១ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ព្រមទាំងនាយ និងពលទាហានទាំងអស់ សូមប្រសិទ្ធពរជ័យវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ សូមមានសុខភាពល្អ អាយុយ៉ឺនយូ កម្លាំងពលំមាំមួយ ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាអោយឆ្លងផុតគ្រោះចង្រៃពីជំងឺកូវីដ១៩ ដើម្បីកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនតទៅទៀត។

នាយឧត្តមសេនីយ៍ គីម ប៊ុនថា នក្នុងឱកាសនោះ ក្នុងនាមអង្គភាពសម្ព័ន្ធមេត្រី លោកបានផ្តល់ថវិកា ចំនួន៥០០០ដុល្លារ សម្រាប់កសាងអង្ភភាព ផ្តល់សេរ៉ូម និងចែកជូនកងទ័ពក្នុងម្នាក់ៗថវិកា ១៦ម៉ឺនរៀលផងដែរ។ ហើយលោកក៏បានថ្លែងនូវការអរគុណដល់លោកសាស្ត្រាចារ្យ ហាស់ ចាន់រឿន លោកសាស្ត្រាចារ្យអ៊ូច ឌីណា លោក ឯក ឡុញហ៊ាល និងលោក តាំង ស៊ុយជា ដែលបានចូលរួមជាថវិកាក្នុងការទិញសម្ភារផ្សេងៗផងដែរ៕