(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការ នៃក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃក្រសួង អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។

ដើម្បីឱ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំណើរការទៅបានដោយរលូន និងមានសុវត្ថិភាព ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំទីតាំងចាក់វ៉ាក់សាំងក្នុងទីស្តីការក្រសួង ដោយអនុវត្តទៅតាមគោលការណ៍ ស្តង់ដារ និងវិធានការកំណត់របស់ក្រសួងសុខាភិបាល ដើម្បីធានានូវសុវត្ថិភាព សុខុមាលភាពដល់មន្ត្រីដែលបានចូលរួមចាក់វ៉ាក់សាំង។

សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ដែលទទួលបាននូវវ៉ាក់សាក់រួចរាល់ហើយ ក្តី ក៏ត្រូវតែបន្តគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺ «៣ការពារ និង៣កុំ» ដើម្បីចូលរួមយ៉ាងសកម្មជាមួយជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

គួរជម្រាបថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាល បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង ស៉ីណូវ៉ាក់ (Sinovac) នៅទូទាំងប្រទេសជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត ហើយការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងជាបន្ដបន្ទាប់គ្រប់ប្រជាពលរដ្ឋទាំងអស់។

វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែម លើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឲ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងការកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។

រាជរដ្ឋាភិបាលបានធ្វើការអំពាវនាវជាបន្តបន្ទាប់ដល់ប្រជាជនទូទាំងប្រទេស ឲ្យមកទទួលចាក់វ៉ាក់សាំងកូវីដ១៩ ដោយស្ម័គ្រចិត្ត ហើយបានជំរុញ និងការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងធ្វើយ៉ាងណាបាន១លានដូសក្នុងខែ ជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានរាជធានី-ខេត្ត។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុប ២,៨២៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ មានចំនួន ២,២៩៣នាក់។ អ្នកជាសះស្បើយចំនួន ១,៧៩៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ១,០០៣នាក់។ អ្នកស្លាប់ចំនួន ២២នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕