(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ ប្រាប់ឲ្យកងទ័ពចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩តទៅទៀត។

ការលើកឡើងដូច្នេះ បន្ទាប់ពីមួយរយៈនេះ ក្រុមឧទ្ទាមក្រៅច្បាប់បានអំពាវនាវប្រជាពលរដ្ឋកុំចូលរួមចាក់វ៉ាក់សាំងរបស់ចិន ក្នុងគោលបំណងចង់ឲ្យប្រជាពលរដ្ឋកម្ពុជា បន្តស្លាប់ និងឆ្លងដោយសារជំងឺកូវីដ១៩ រួចក្រុមឧទ្ទាមក្រៅច្បាប់ នឹងទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាថា មិនមានវិធានការក្នុងការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២១ របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ស្ថិតក្នុងភូមិដីក្រហម ឃុំអូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានកោតសរសើរដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដែលបានប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្ត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ រហូតទទួលបានលទ្ធផលល្អនៅក្នុងឆ្នាំនេះ។

លោកឧត្តមសេនីយ៍ទោ បានបន្តថា «នៅប៉ុន្មានថ្ងៃខាងមុខទៀត គឺដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ កម្មករ បុគ្គលិកត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ចំណែកឯកម្លាំងកងទ័ព មិនត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកនោះទេ ហើយត្រូវតែបង្កើនការយកចិត្តទុកដាក់ចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឲ្យទទួលបានលទ្ធផលល្អប្រសើរ»។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ បានក្រើនរំឭកឲ្យកងទ័ពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទោះបីកងទ័ពបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី២ រួចក៏ដោយ ក៏ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសគឺប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នូវវិធានការ «៣ការពារ ៣កុំ» ទាំងអស់គ្នា ដើម្បីកម្ពុជាឆ្លងផុតពីការឆ្លងរីករាលដាល នៃជំងឺនេះទ្រង់ទ្រាយធំបន្តទៀត៕