(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ញើសារជូនថ្នាក់ដឹកនាំទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បុគ្គលិកសុខាភិបាលគ្រប់រូប កងកម្លាំង និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមប្រកបដោយសេចក្តីសុខសុភមង្គល សុខភាពល្អ ជៀសចាកឆ្ងាយពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ទាំងអស់គ្នា និងសូមទទួលបានជោគជ័យគ្រប់តួនាទីភារកិច្ច។

តាមរយៈសារប្រមាណជាង៦នាទី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ការលំបាកដែលប្រជាពលរដ្ឋកម្ពុជា បានជួបប្រទះក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩នេះ គឺទាមទារឲ្យប្រជាពលរដ្ឋទាំងអស់ រក្សានូវភាពរឹងមាំទាំងស្មារតី និងកម្លាំង ហើយចូលរួមសហការ គោរព និងអនុវត្តតាមការណែនាំ ក៏ដូចជាវិធានការបន្ទាន់នានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញជាបន្ដបន្ទាប់។

លោក ហ៊ុន ម៉ានី បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានកំណត់ និងអនុវត្តវិធានការគ្រប់គ្រងសភាពការណ៍ ដោយត្រឹមត្រូវហ្មត់ចត់បំផុត ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងនោះ អ្វីដែលជាលទ្ធផលគឺបទពិសោធន៍ជោគជ័យ ក្នុងការគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍ ៣វិច្ឆិកា និង២៨វិច្ឆិកា។

ជាមួយនឹងជោគជ័យនេះ គឺមិនអាចកាត់ផ្ដាច់ពីការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ព្រោះថាមូលដ្ឋាននៃការយកឈ្នះលើស្ថានភាព និងសភាពការណ៍លំបាក គឺការរួបរួម និងការសាមគ្គីគ្នាក្នុងនាមប្រជាពលរដ្ឋខ្មែរតែមួយ៕

ខាងក្រោមនេះ ជាវីដេអូនៃការផ្ញើសាររបស់ លោក ហ៊ុន ម៉ានី៖