(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីណែនាំ ស្ដីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ អំឡុងពេលចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខនេះ។ យោងតាមខ្លឹមសារក្នុងលិខិត អាជ្ញាធរខេត្តសៀមរាប បានណែនាំឲ្យប្រជាពលរដ្ឋ ជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ហើយចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះប្រសិនបើមិនចាំបាច់ ក៏ដូចជាចៀសវាងការធ្វើដំណើរឆ្លងខេត្តជាដើម។

រដ្ឋបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុង ស្រុក គ្រប់មន្ទីរ-អង្គភាព ចាត់វិធានការចាំបាច់នានា សំដៅរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយនាអំឡុងបុណ្យចូលឆ្នាំចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។ ក្នុងនោះ រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការចំនួន៥ចំណុច សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ អំឡុងពេលចូលឆ្នាំ ក្នុងនោះក្រៅពីសុំឲ្យពលរដ្ឋជួបជុំគ្រួសារក្នុងផ្ទះ និងចៀសវាងការធ្វើដំណើរចេញក្រៅ អាជ្ញាធរក៏ប្រាប់ពលរដ្ឋកុំឲ្យទៅកាន់ទីតាំងដែលមានហានិភ័យខ្ពស់ ដែលដាក់ចេញដោយក្រសួងសុខាភិបាល។ ចំណុចទី៣ ចៀសវាងរៀបចំពិធីផ្សេងៗរៀបរាប់ពិធីសាសនា និងជួបជុំកម្សាន្តផ្សេងៗ។ ទី៤ អនុវត្ត៣កុំ ៣ការពារ និងទី៥ រដ្ឋបាលខេត្តអំពាវនាវឲ្យម្ចាស់អាជីកម្មដឹកជញ្ជូនកុំដំឡើងថ្លៃសេវាដឹកជញ្ជូន និងយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាល។

បន្ថែមពីនេះ អាជ្ញាធរខេត្ត ប្រាប់ដល់ម្ចាស់អាជីវកម្មដ្ឋាន សណ្ឋាគារ សេវាកម្មដ្ឋាន ភោជនីយដ្ឋាន ជាដើម ត្រូវអនុវត្តតាមវិធានការសុខាភិបាល ពាក់ម៉ាស់ និងរក្សាគម្លាត ស្របតាមគោលការណ៍ និងវិធានសុខាភិបាល។ល៕