(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ប្រាកដណាស់នឹងមានការចល័តពីខេត្ដមួយទៅខេត្ដមួយ ហើយការជួបជុំក៏កើតមាន ដែលជាការព្រួយបារម្ភយ៉ាងខ្លាំង ខណៈជំងឺកូវីដ១៩ កំពុងតែវាយលុកប្រទេសរបស់យើង។

លោកស្រីបានថ្លែងបញ្ជាក់ទៀតថា «ខេត្ដខ្លះមិនទាន់មានករណីឆ្លងជំងឺកូវីដ១៩នោះទេ គ្រួសារខ្លះក៏មិនមានអ្នកឆ្លងដែរ។ ប៉ុន្ដែយើងដឹងច្បាស់ហើយថា បច្ចុប្បន្នមេរោគកូវីដ១៩ កំពុងតែវាយលុក និងផ្ទុះខ្លាំងនៅរាជធានីភ្នំពេញ ខេត្ដព្រះសីហនុ កណ្ដាល ស្វាយរៀង ព្រៃវែង និងសៀមរាប (នៅតាមតំបន់ខ្លះ)។ ដូច្នេះយើងត្រូវតែចៀសវាង ជាពិសេសប្រជាពលរដ្ឋយើងដែលត្រូវធ្វើដំណើរពីភ្នំពេញ ទៅកាន់ស្រុកកំណើតតាមខេត្ដនីមួយៗ»

លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា «អ្វីដែលជាការព្រួយបារម្ដរបស់ខ្ញុំ គឺខ្លាចតែក្រោយពេលឈប់ចូលឆ្នាំខ្មែររួចរាល់ហើយ ស្រាប់តែខេត្ដគ្មានករណីឆ្លង បែរទៅជាផ្ទុះនូវការឆ្លងនៃជំងឺកូវីដ១៩ទៅវិញ ។ នេះហើយជាមូលហេតុ ដែលយើងទាំងអស់គ្នា ត្រូវតែរួមគ្នាកាត់ផ្ដាច់ខ្សែចម្លងនេះ គឺការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ការកាច់ផ្ដាច់ខ្សែចម្លងនេះ វាទាល់តែបុគ្គលគ្រប់រូបកុំចល័ត បើមិនមានភាពចាំបាច់ខ្លាំង»

លើសពីនោះ លោកស្រីបានអំពាវនាវអ្នកភ្នំពេញ កុំធ្វើដំណើរទៅស្រុក កុំនាំមេរោគកូវីដ១៩ ចម្លងទៅគ្រួសាររបស់ខ្លួន និងសហគមន៍ ហើយត្រូវចូលរួមទាំងអស់គ្នា បំពេញកាតព្វកិច្ច នៅក្នុងការអនុវត្ដនូវវិធានការ ៣ការពារ ៣កុំ ឱ្យបានជាដាច់ខាត នោះប្រជាពលរដ្ឋនឹងមិនអាចឆ្លង និងចម្លងជំងឺដ៏សាហាវនេះទេ។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានទទូចក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះថា សូមបងប្អូនយើង កាត់បន្ថយការធ្វើដំណើរឱ្យបានជាអតិបរិមា អ្នកដែលមិនចាំបាច់ គឺសុំនៅផ្ទះ នៅពេលនេះ គឺនៅផ្ទះល្អប្រសើរជាទីបំផុត ព្រោះនៅផ្ទះ អត់មានហានិភ័យអ្វីទៅជួបជាមួយជំងឺកូវីដ១៩នោះទេ ជាពិសេស វីរុសកូវីដប្រភេទបម្លែងថ្មីនេះ ដែលយើងមិនដឹងថា នៅពេលនេះ វានៅទីណានោះទេ បើឆ្លងហើយ រយៈពេល២-៣ថ្ងៃ គឺស៊ីសួតស្លាប់តែម្ដង៕

សូមទស្សនាការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន ទាំងស្រុង ក្នុងឱកាសចុះពិនិត្យ និងប្រគល់សម្ភារមួយចំនួន ជូនដល់ក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ជូនប្រជាពលរដ្ឋ នៅកោះពេជ្រ និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះដូចតទៅ៖