(ភ្នំពេញ)៖ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីថ្មីរបស់វៀតណាម បានអញ្ជើញគ្នាបំពេញទស្សនកិច្ចផ្លូវការទៅវិញទៅមក ក្នុងពេលវេលាសមស្របណាមួយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា នៅរសៀល ថ្ងៃទី០៦ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ផាម មិញជិញ ដោយបានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកផាម មិញជិញ ដែលត្រូវបានសម័យប្រជុំលើកទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនវៀតណាមសម្រេចបានរហូតមកដល់បច្ចុប្បន្ននេះ ព្រមទាំងបានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ លោក ផាម មិញជិញ រដ្ឋាភិបាល និងប្រជាជនវៀតណាម នឹងអនុវត្តដោយជោគជ័យនូវផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រយៈពេល៥ឆ្នាំ (២០២១-២០២៥) និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល១០ឆ្នាំ (២០២១-២០៣០) តាមរយៈសេចក្តីសម្រេចិត្តរប ស់គណបក្សកុម្មុយនិស្ត និងរដ្ឋសភាវៀតណាម។

លោក ផាន មិញជិញ បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រវៀតណាមឱ្យបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ ដោយជោគជ័យ និងបានបញ្ជាក់អំពីការគាំទ្ររបស់វៀតណាមចំពោះកម្ពុជា ក្នុងការបំពេញតួនាទីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខនេះ ដោយបានជោគជ័យ ។

នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងវៀតណាម ទោះបីជាស្ថិតក្នុងសភាពការណ៍កំពុងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ១៩ ក៏ដោយ ក៏ប្រទេសទាំងពីរនៅរក្សាបាននូវទំនាក់ទំនងជិតស្និទ្ធ និងការផ្លាស់ប្តូរយោបល់តាមរយៈប្រព័ន្ធវីដេអូ និងទូរស័ព្ទទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរក៏បានបង្កើនប្រសិទ្ធភាពនៃបណ្តាយន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសទំហំពាណិជ្ជកម្មទ្វេទិស នៅបន្តមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងខណៈដែលកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងអប់រំ ក៏ត្រូវបានបន្តយកចិត្តទុកដាក់។ នេះបើតាមសេចក្តីប្រកាស។

សេចក្តីប្រកាសបានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារគ្រប់គ្រងព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការសហការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការជំរុញសកម្មភាពផ្លាស់ប្តូរទំនិញ និងការដោះស្រាយបានទាន់ពេលវេលានូវរាល់បញ្ហាដែលកើតមានជាយថាហេតុ។ ភាគីទាំងពីរ បានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី៕