(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្រើនរំលឹកទៅដល់អ្នកបង្កើតស្នាដៃ និង ផលិតផលសិល្បៈ ត្រូវយកចិត្តទុកដាក់ទៅលើអត្ថន័យ នៃការអប់រំ និង មនសិការស្នេហាជាតិ ដោយមិនត្រូវតែឲ្យល្អមើល និង ពីរោះស្តាប់នោះទេ។

ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី១៨ ដែលធ្វើឡើងនៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះ។ ទិវាវប្បធម៌នេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងបំណងបំផុសស្មារតី ដល់កុលបុត្រ កុលធីខ្មែរ ឲ្យចេះស្រឡាញ់ថែរក្សា និងអភិរក្សវប្បធម៌ជាតិ ដ៏ល្អផូរផង់របស់ជាតិ។

សម្តេចនាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា មានវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាយូរលុងណាស់មកហើយ ដែលបានបង្ហាញពីអត្តសញ្ញាណរបស់ជាតិខ្មែរដ៏ល្បីល្បាញ។ សម្បត្តិវប្បធម៌ ដែលបានកើតចេញពីកិច្ចខំប្រឹងប្រែង នៃបុព្វបុរសដូនតាពីដើម បានក្លាយជាដួងព្រលឹង ជាអត្តសញ្ញាណប្រកបដោយកិត្យានុពលភាពជាតិ និង ជាមរតកប្រកបដោយសក្តានុពលបំផុត ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា ការបង្កើតឲ្យមាន​ការប្រកួតប្រជែង​ស្នាដៃសិល្បៈ តាមរយៈមហោស្រពយុវជន​រយៈពេល ២ឆ្នាំកន្លងមកនេះ  គឺជាការបង្ហាញពីកិច្ចខិតខំប្រមែប្រមូល អភិរក្ស និងបង្កើតស្នាដៃថ្មីៗ នៃទម្រង់សិល្បៈរបាំ និង ល្ខោនរបស់ខ្មែរ ហើយសម្តេចជំរុញឲ្យខិតខំធ្វើលទ្ធផលទាំងនេះ ឲ្យកាន់តែមានគុណភាព ប្រកបដោយលក្ខណៈអប់រំ ទំនើបកម្ម និង ទាន់សម័យ ដែលរក្សាឲ្យបាននូវលក្ខណៈដើម នៃប្រពៃណីទំនៀមទម្លាប់ វប្បធម៌ ពណ៌សម្បុរ និងអត្តសញ្ញាណជាតិ។

សម្តេចបានថ្លែងយ៉ាងដូច្នេះ «យើងទាំងអស់គ្នាត្រូវដឹងថា ការបង្កើតស្នាដៃ និង ផលិតផលសិល្បៈ​គ្រប់ទម្រង់មិនត្រូវ​គិតត្រឹមតែឲ្យមានភាពល្អមើល និង ពីរោះស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះ​ត្រូវ​បង្កប់នូវគំនិត និង ទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ដល់ការលើកកម្ពស់ការអប់រំសីលធម៌ គុណធម៌ មនសិការស្នេហាជាតិ ក្នុងការអភិវឌ្ឍសង្គមថែមទៀត»

សម្តេចបានបន្ថែមថា «និយាយរួមត្រូវប្រែក្លាយស្នាដៃ​របស់យើងឲ្យទៅជាផលិតវប្បធម៌​មួយ​បំពេញតាមចំណង់​ចំណូលចិត្ត និងពេញនិយមរបស់មហាជន យុវជន យុវនារីនៅយុគសម័យនេះ និងឆ្លើយតបទៅនឹង​ការជំរុញការប្រើប្រាស់​ផលិតផលក្នុងស្រុក និង រួមចំ ណែកកាត់បន្ថយការប្រើប្រាស់ផលិតផលវប្បធម៌បរទេស»