(រតនគិរី)៖ រដ្ឋបាលសាលាខេត្តរតនគិរី សូមចេញមកបញ្ជាក់ឡើងវិញជូនសាធារណជនជ្រាបជាព័ត៌មានចុងក្រោយថា បុរសឈ្មោះ ញឹក សុជា ដែលរដ្ឋបាលខេត្តរតនគីរី ចេញជូនដំណឹងមុននេះថា មានវិជ្ជមានកូវីដ១៩នោះ តាមពិតទៅមិនមានវិជ្ជមានទេ។ វាជាការភ័ន្តច្រឡំលើការទទួលព័ត៌មាន រវាងកន្លែងពិនិត្យរកមេរោគ ជាមួយមន្ទីរសុខាភិបាលខេត្ត។

សេចក្តីជូនដំណឹងបានបញ្ជាក់ ដូច្នេះគិតមកដល់ពេលនេះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ខេត្តរតនគីរី ពុំមានការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ឡើយ។

សូមជំរាបថា នៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលសាលាខេត្តរតនគីរី បានចេញសេចក្តីជូនដំណឹងអំពីករណី បុរសម្នាក់កើតជំងឺកូវីដ១៩ មានឈ្មោះ ញឹក សុជា អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ក្រោយពីចេញផ្សាយភ្លាមៗ សាលាខេត្តក៏បានចេញមកអះអាងឡើងវិញថា មិនមានករណីវិជ្ជមានកូវីដ១៩លើបុរសនោះទេ ដោយសារការភ័ន្តច្រឡំ៕