(ភ្នំពេញ)៖ ទីបំផុត នាវាចម្បាំងដែលបានលិចអំឡុងសម័យសង្គ្រាមនៅកម្ពុជា នាទសវត្សឆ្នាំ១៩៧០ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានកម្លាំងជំនាញស្រង់មកលើគោកហើយ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ក្រោយប្រតិបត្តិការរយៈពេល ៦ខែ។

ស្ថានភាពនាវាចម្បាំងលិចក្នុងទន្លេខាងលើនេះ គឺមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមានស្នាមធ្លុះធ្លាយជាច្រើនកន្លែងដោយការបាញ់ពន្លិច ក្នុងពេលប្រយុទ្ធគ្នា។

ពិធីស្រង់នាវាម៉ារីននេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ហ៉ី បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា, តំណាងអភិបាលខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។

នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើយចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវា ជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា។

នាវាម៉ារីនដែលលិចក្នុងកំលុងសង្គ្រាមស៊ីវិលនៅកម្ពុជា កាលពីទសវត្សឆ្នាំ១៩៧០នេះ បានលិចកប់ក្នុងបាតទន្លេមានជម្រៅរហូតដល់ ២៧,៥ម៉ែត្រ ព្រមទាំងគ្រប់ដណ្តប់ដោយដីខ្សាច់នៅលើយ៉ាងច្រើនផងដែរ។

ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក បានឱ្យដឹងថាគ្រាប់យុទ្ធភ័ណ្ឌប្រមាន៩០ភាគរយ ដែលមានទ្រង់ទ្រាយល្អ នឹងត្រូវដោះបន្សាប ដោះបន្សាបសម្រាប់ទុកដាក់តាំងក្នុងសារមន្ទីរ និង១០% ដែលជាគ្រាប់ខូចទ្រង់ទ្រាយ ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន នឹងធ្វើការកំទេចចោល។

រយៈពេល៦ខែមកនេះ កម្លាំងជំនាញបានប្រមូល និងស្រង់គ្រាប់យុទ្ធភ័ណ្ឌមកលើគោកជាបន្តបន្ទាប់។ បើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបប្រមាណ ១៦តោន ព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន៦ និងសម្ភារសឹកមួយចំនួនទៀត៕