(ភ្នំពេញ)៖ លោក សួន រិនឌី សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានសំណូមពរដល់វត្តអារាមនានានៅរាជធានីភ្នំពេញ ក៏ដូចជាប្រជាពុទ្ធបរិស័ទទាំងឡាយ បន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ពិសេសនាឱកាសចូលឆ្នាំខ្មែរខាងមុខ។

ការស្នើយ៉ាងដូច្នេះរបស់តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ត្រូវបានដឹកនាំប្រតិភូសមាគមវិនិយោគិនកម្ពុជា រួមដំណើរដោយលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក ឡី សុភាព នាយកប្រតិបត្តិសមាគម និងជាសមាជិកក្រុមប្រឹក្សារាជធានី និងសហការី បាននាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃគង់នៅវត្តសារាវន្តតេជោ និងវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

នាឱកាសនោះ លោក សួន រិនឌី បានសំណូមពរដល់ព្រះចៅអធិការវត្ត និងគណៈកម្មាធិការអាចារ្យវត្ត មេត្តាចូលរួមរៀបចំប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ នាឱកាសពេលបុណ្យចូលឆ្នាំថ្មីនេះ ដោយត្រូវមានប្រដាប់វាស់កម្ដៅ ម៉ាស់ អាល់កុលលាងដៃ និងរក្សាគម្លាតសម្រាប់ពុទ្ធបរិស័ទ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសគឺ ៣កុំ ៣ ការពារ។

សូមបញ្ជាក់ថា ទេយ្យទានដែលប្រគេនដល់ព្រះសង្ឃនាពេលនេះ ក្នុងមួយវត្តទទួលបានអង្ករ ២បាវ ត្រីខ ១កេសធំ មី ១កេសធំ អាល់កុលជែល ១០ដប ទឹកបរិសុទ្ធ ៥កេស ប្រព័ន្ធចម្រោះទឹកស្អាត ១ឈុត ម៉ាស់ ១កេស ស្លាដក់ ១ បច្ច័យ ៥០ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់អាជ្ញាធរសង្កាត់ សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលដ៏ខ្លីខាងមុខនេះផងដែរ៕