(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឱ្យបើកអាជីវកម្មទីតាំងចំនួន០៥កន្លែងឡើងវិញ ក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ-១៩។ នេះបើតាមលិខិតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។

ទីតាំងអាជីវកម្មទាំង ៥ទីតាំងខាងលើនោះ រួមមាន៖

*ទី១៖ ហាងកាត់សក់ទាន់សម័យ មានទីតាំងស្ថិតនៅភូមិ៦ សង្កាត់លេខ០៦ ក្រុងព្រះសីហនុ
*ទី២៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺលេខ១ មានទីតាំងស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
*ទី៣៖ ភោជនីយដ្ឋាន ប៉ាស៊ូ ឧស្សាហកម្មត្រី មានទីតាំងស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
*ទី៤៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺលោក នុត សុភាព មានទីតាំងស្ថិតនៅផ្លូវលេខ២០៦ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
និងទី៥៖ សណ្ឋាគារ ខៃលី ហ្គាឌិន មានទីតាំងស្ថិតនៅវិថីឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បើទោះបីអនុញ្ញាតឱ្យដំណើរការអាជីវកម្មឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់ថា ម្ចាស់ទីតាំងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕